លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងផ្តល់ឱកាសឲ្យអ្នកចង់រៀនចាប់យក ឱកាសជាមួយគ្នា

0

ដោយៈ គង់ សួរិយា

    ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានស្ថាបនិកបុរីវិមានសំណាងបានបើកឱកាសឲ្យអ្នកចង់រៀន និងចាប់យកឱកាសរីកចម្រើនក្នុងវិស័យអចលនទ្រព្យជាមួយគ្នា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង ក្នុងបណ្តាញតេឡេក្រាមនៅថ្ងៃទី៤ កក្កដានេះថា លោកគ្រាន់តែចង់បង្រៀន និងផ្តល់ឱកាសដល់ប្រធានផ្នែក និងក្រុមការងារទាំងអស់ឲ្យបញ្ចេញសមត្ថភាព ដើម្បីភាពរីកចំរើនទាំងអស់គ្នា ហើយបើគីម ហ៊ាង ម្នាក់អាចផ្តល់ការងារអោយប្រជាជនកម្ពុជាបាន៥០០នាក់ ចុះបើកម្ពុជាមានគីម ហ៊ាងដល់ទៅ១០០នាក់ នោះសេដ្ឋកិច្ចជាតិយើង នឹងកាន់តែល្អ និងរីកចំរើនជាមុន។

ជួបគ្នានៅថ្ងៃសៅរ៌៥ កក្កដា២០២៥ ម៉ោង៩ព្រឹក នៅការិយា​ល័យបុរី វិមានសំណាង សម្រាប់បុគ្គលិកពេញម៉ោង និងអ្នកត្រូវបានអញ្ជើញតែប៉ុណ្ណោះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានលើកឡើងពីប្រវត្តិផ្ទាល់ខ្លួនថា ចាប់ផ្តើមអាជីវកម្មដំបូងក្នុងឆ្នាំ២០០១ ក្នុងនាមជាភ្នាក់ងារក្រីក្រ និងក្មេងខ្ចីម្នាក់ ហើយបំណងនៅពេលនោះ គឺចង់បានត្រឹមពេលរៀនចប់បរិញ្ញាបត្រ រៀបចំគ្រួសារ មានកូន២នាក់ មានផ្ទះនៅត្រឹម៥០ ០០០ដុល្លារ និងឡានត្រឹម១០,០០០ដុល្លារ ដោយកូនរៀនភាសាខ្មែរនៅសាលារដ្ឋ និងភាសាបរទេសនៅសាលាឯកជនធម្មតា។

លោកឧកញ៉ាបញ្ជាក់ថា “ពេលនេះគីម ហ៊ាង មានអ្វីៗគ្រប់យ៉ាង ដែលអាចហូបឆ្ងាញ់ ដេកស្រួល និងសប្បាយចិត្តរាល់ថ្ងៃ ដោយត្រូវធ្វើការត្រឹមម៉ោង៩ព្រឹក ដល់ម៉ោង ៤ល្ងាច ពីថ្ងៃចន្ទ័ ដល់ថ្ងៃសៅរ៌ ដែលខុសពីមុន ត្រូវធ្វើការ៣៦០ថ្ងៃប្រចាំឆ្នាំ និងលើស១២ម៉ោងប្រចាំថ្ងៃ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here