ទីក្រុងហូជីមិញក្លាយជាគោលដៅវិនិយោគអចលនទ្រព្យលេចធ្លោ ខណៈតម្លៃលំនៅដ្ឋានក្នុងទីក្រុងនេះហក់ឡើងថ្លៃកប់ពពក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអាផាតមុិននៅទីក្រុងហូជីមិញរបស់ប្រទេសវៀតណាមបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២៥នេះ ដែលធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅវិនិយោគអចលនទ្រព្យយ៉ាងលេចធ្លោនៅតំបន់អាស៊ាន។

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ តម្លៃអាផាតមុិនថ្មីជាមធ្យមបានហក់ឡើង៤៧ភាគរយដល់ទំហំទឹកប្រាក់ចំនួន៤.៦៩១ដុល្លារក្នុងមួយម៉ែត្រការ៉េ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ទីផ្សាររបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield ។

ក្នុងចំណោមនោះ តម្លៃអាផាតមុិនលំដាប់ខ្ពស់(High-end) បាននាំមុខគេ ដោយសម្រេចបានកំណើនប្រចាំឆ្នាំចន្លោះពី៣០ភាគរយទៅ៥០ភាគរយ ខណៈតម្លៃអាផាតមុិននៅកណ្តាលទីក្រុងហូជីមិញបានបង្ហាញពីកំណើនចន្លោះពី២០ភាគរយទៅ៣០ភាគរយ។

លើសពីនេះ តម្លៃអាផាតមុិននៅតំបន់ជាយក្រុង បានហក់ឡើងចន្លោះពី១០ភាគរយទៅ១៥ភាគរយ។ តម្លៃលំនៅដ្ឋានផ្សេងទៀតដូចជា វីឡា និងផ្ទះ Townhouse បានសម្រេចកំណើន៤១ភាគរយ ដោយសារការផ្គត់ផ្គង់នៅមានកម្រិត ស្របពេលតម្រូវការកើនឡើង។

បើគិតជាប្រាក់ដុងរបស់វៀតណាម អាផាតមុិននាពេលបច្ចុប្បន្ននេះមានតម្លៃជាមធ្យមចន្លោះពី៧១,៨លានដុង ទៅ៩២លានដុងក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង និងគុណភាព។ ផ្នែកអាផាតមុិនប្រណីតមានតម្លៃចាប់ពី៨០លានដុងទៅ២០០លានដុងក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតមុិនក្នុងគម្រោងផ្តាច់មុខ(Exclusive)មានតម្លៃចំនួន១៥.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ការកើនឡើងនៃតម្លៃអាផាតមុិនយ៉ាងគំហុកនេះបណ្តាលមកពីការផ្គត់ផ្គង់នៅមានកម្រិត កំណើនសេដ្ឋកិច្ចវៀតណាមយ៉ាងរឹងមាំក្នុងរង្វង់៧,០៩ភាគរយក្នុងឆ្នាំ២០២៤ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធធំៗ រួមទាំងការបើកដំណើរការខ្សែរថភ្លើងក្រោមដីដំបូងបង្អស់ក្នុងទីក្រុងហូជីមិញ៕ប្រភព: Bamboo Routes ៕

LEAVE A REPLY

Please enter your comment!
Please enter your name here