ការលក់លំនៅដ្ឋាននៅសិង្ហបុរីដាំក្បាលចុះចំនួន៤០ភាគរយនៅត្រីមាសទី២ ខណៈតម្លៃផ្ទះកើនឡើងសន្សឹមៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កំណើនតម្លៃអចលនទ្រព្យលំនៅដ្ឋាន ដែលអភិវឌ្ឍន៍ដោយបណ្តាក្រុមហ៊ុនឯកជនក្នុងប្រទេសសិង្ហបុរីបានបន្តបាត់បង់សន្ទុះនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)។

ជាក់ស្តែង គេសង្កេតឃើញថា តម្លៃអចលនទ្រព្យលំនៅដ្ឋានឯកជនបានកើនឡើងត្រឹមតែ០,៥ភាគរយនៅក្នុងត្រីមាសទី២ បើប្រៀបធៀបជាមួយនឹងកំណើនក្នុងរង្វង់០,៨ភាគរយកាលពីត្រីមាសទីមួយ។

អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានអះអាងថា ការលក់លំនៅដ្ឋាននៅត្រីមាសទី២ បានដាំក្បាលចុះប្រហែល៤០ភាគរយមកនៅត្រឹមចំនួន៤.៣៤០យូនីត បើធៀបនឹងការលក់លំនៅដ្ឋានបានចំនួន៧.២៦១យូនីតកាលពីត្រីមាសមុន ដោយសារការធ្លាក់ចុះនៃការបើកលក់គម្រោងលំនៅដ្ឋានថ្មី។

នៅទូទាំងតំបន់ទាំងអស់ក្នុងប្រទេសសិង្ហបុរី តម្លៃអចលនទ្រព្យលំនៅដ្ឋានមិនជាប់ដី(Non-landed)ដូចជា ខុនដូ ឬអាផាតមុិន បានកើនឡើង០,៥ភាគរយនៅក្នុងត្រីមាសទីពីរ បន្ទាប់ពីបានកើនឡើង១ភាគរយនៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៥។

ដោយឡែក តម្លៃ​អចលន​ទ្រព្យ​លំនៅដ្ឋានជាប់ដី​ (Landed housing) ដែលអ្នកទិញអាចទទួលបានទាំងកម្មសិទ្ធិដី និងផ្ទះ បាន​កើន​ឡើង០,៧ភាគរយក្នុងត្រីមាសទី២ បើធៀបនឹងកំណើនក្នុងរង្វង់០,៤ភាគរយ​ក្នុង​ត្រី​មាស​ទី១។

ក្រុមអ្នកវិភាគបានវាយតម្លៃថា ការកើនឡើងតិចតួចនៃតម្លៃអចលនទ្រព្យលំនៅដ្ឋាននៅប្រទេសសិង្ហបុរីបណ្តាលមកពីការថយចុះនៃការបើកលក់គម្រោងលំនៅដ្ឋានថ្មីនៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ បើធៀបនឹងត្រីមាសទីមួយ។

លោក Marcus Chu នាយកប្រតិបត្តិក្រុមហ៊ុន ERA Singapore បានអះអាងថា ការថយចុះនេះ ដោយសារតែការបោះឆ្នោតនៅសិង្ហបុរីក្នុងខែមេសា និងខែឧសភា ក៏ដូចជាការឈប់សម្រាករបស់សិស្ស-និស្សិតកាលពីខែមិថុនាផងដែរ៕ប្រភព:The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here