ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសម៉ាឡេស៊ីនឹងក្លាយជាទីផ្សារមជ្ឈមណ្ឌលទិន្នន័យ ដែលរីកចម្រើនលឿនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០៣០ខាងមុខ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield។ កំណើននេះត្រូវបានជំរុញដោយតម្រូវការសេវាកម្មឌីជីថល។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានវាយតម្លៃថា ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសម៉ាឡេស៊ីក្នុងទីផ្សារមជ្ឈមណ្ឌលទិន្នន័យ បណ្តាលមកពិកត្តាសំខាន់ៗ ដូចជា ដីទំនេរច្រើន ភាពប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធថាមពល និងអុីនធឺណេត និងការគាំទ្រយ៉ាងមុតមាំរបស់រដ្ឋាភិបាលលើការជំរុញសេដ្ឋកិច្ចឌីជីថល។
កត្តាទាំងនេះបានធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាគោលដៅវិនិយោគដ៏គួរឱ្យទាក់ទាញសម្រាប់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក ដែលកំពុងស្វែងរកទីតាំងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យក្នុងតំបន់អាស៊ាន។
ម៉ាឡេស៊ីកំពុងក្លាយជាមជ្ឈមណ្ឌលទិន្នន័យដ៏សំខាន់មួយនៅតំបន់អាស៊ី និងតំបន់អាស៊ាន។ ទីក្រុងគូឡាឡាំពួរបានក្លាយជាទីតាំងមជ្ឈមណ្ឌលផ្ទុកទិន្នន័យក្នុងស្រុក ខណៈទីក្រុង Johor ដែលនៅជិតប្រទេសសិង្ហបុរី កំពុងក្លាយជាគោលដៅបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ដែលដើរដោយបញ្ញាសិប្បនិម្មិត(AI)។
គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានថាមពលប្រហែល១៣ជីហ្គាវ៉ាត់ (GW) អាចនឹងបើកដាក់ឱ្យដំណើរការនៅឆ្នាំ២០៣០ ក្រោមទុនវិនិយោគចំនួន១៥៦ពាន់លានដុល្លារអាមេរិក។
កាលពីឆ្នាំ២០២៣ ទីផ្សារមជ្ឈមណ្ឌលទិន្នន័យធំជាងគេទាំង៥ របស់តំបន់អាសុី រួមមាន ប្រទេសជប៉ុន ប្រទេសចិន ប្រទេសអូស្ត្រាលី ប្រទេសឥណ្ឌា និងប្រទេសម៉ាឡេស៊ី។
ទំហំទីផ្សារមជ្ឈមណ្ឌលទិន្នន័យនៅទូទាំងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១៤ ត្រូវបានគេព្យាករណ៍ថា នឹងហក់ឡើងដល់តម្លៃ៦០០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ខណៈទំហំទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់សហរដ្ឋអាមេរិកនឹងហក់ឡើងដល់ជិត៤៦០ពាន់លានដុល្លារ៕ប្រភព: New Straits Times៕