ការសិក្សា: ម៉ាឡេស៊ី​នឹង​ក្លាយ​ជា​ទីផ្សារ​​មជ្ឈមណ្ឌល​ទិន្នន័យ​ដែលរីកចម្រើនលឿន​បំផុត​នៅ​តំបន់អាស៊ីប៉ាស៊ីហ្វិក​នៅឆ្នាំ២០៣០

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសម៉ាឡេស៊ី​នឹង​ក្លាយ​ជា​ទីផ្សារ​​មជ្ឈមណ្ឌល​ទិន្នន័យ ដែល​រីកចម្រើនលឿន​បំផុត​នៅ​តំបន់អាស៊ីប៉ាស៊ីហ្វិក​នៅឆ្នាំ២០៣០ខាងមុខ។នេះ​បើ​យោង​តាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield។ កំណើននេះត្រូវបានជំរុញដោយតម្រូវការសេវាកម្មឌីជីថល។

​ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បាន​វាយតម្លៃថា ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​ម៉ាឡេស៊ី​​ក្នុងទីផ្សារ​​មជ្ឈមណ្ឌល​ទិន្នន័យ​ បណ្តាលមកពិកត្តា​សំខាន់​ៗ ដូចជា ដីទំនេរច្រើន ភាពប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធថាមពល និងអុីនធឺណេត និងការគាំទ្រយ៉ាងមុតមាំរបស់រដ្ឋាភិបាលលើការជំរុញសេដ្ឋកិច្ចឌីជីថល។

កត្តាទាំងនេះបានធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាគោលដៅវិនិយោគដ៏គួរឱ្យទាក់ទាញសម្រាប់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក ដែលកំពុងស្វែងរកទីតាំងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យក្នុងតំបន់អាស៊ាន។

ម៉ាឡេស៊ីកំពុងក្លាយជាមជ្ឈមណ្ឌលទិន្នន័យដ៏សំខាន់មួយនៅតំបន់អាស៊ី និងតំបន់អាស៊ាន។ ទីក្រុងគូឡាឡាំពួរបានក្លាយជាទីតាំងមជ្ឈមណ្ឌលផ្ទុកទិន្នន័យក្នុងស្រុក ខណៈទីក្រុង Johor ដែលនៅជិតប្រទេសសិង្ហបុរី កំពុងក្លាយជាគោលដៅបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ដែលដើរដោយបញ្ញាសិប្បនិម្មិត(AI)។

គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានថាមពលប្រហែល១៣ជីហ្គាវ៉ាត់ (GW) អាចនឹងបើកដាក់ឱ្យដំណើរការនៅឆ្នាំ២០៣០ ក្រោមទុនវិនិយោគចំនួន១៥៦ពាន់លានដុល្លារអាមេរិក។

កាលពីឆ្នាំ២០២៣ ទីផ្សារមជ្ឈមណ្ឌលទិន្នន័យធំជាងគេទាំង៥ របស់តំបន់អាសុី រួមមាន ប្រទេសជប៉ុន ប្រទេសចិន ប្រទេសអូស្ត្រាលី ប្រទេសឥណ្ឌា និងប្រទេសម៉ាឡេស៊ី។

ទំហំទីផ្សារមជ្ឈមណ្ឌលទិន្នន័យនៅទូទាំងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១៤ ត្រូវបានគេព្យាករណ៍ថា នឹងហក់ឡើងដល់តម្លៃ៦០០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ខណៈទំហំទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់សហរដ្ឋអាមេរិកនឹងហក់ឡើងដល់ជិត៤៦០ពាន់លានដុល្លារ៕ប្រភព: New Straits Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here