សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់នៅថ្ងៃទី ២០ ខែកក្កដានេះថា មិនចង់និយាយជាមួយ លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃនោះទេ ពីព្រោះមានបញ្ហាជាច្រើន រួមទាំងការធ្លាប់ប្រមាថ និងមើលងាយខ្លួន តាមរយៈកូនស្រីរបស់ថាក់ស៊ីន។
សម្តេចថ្លែងថា៖«ខ្ញុំសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន និងមើលងាយខ្ញុំមក ហើយលើសពីនោះ ខ្ញុំក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ខ្ញុំនិយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ!»
សម្តេចបានបន្តថា ចាប់តាំងពីលោក ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃ ប្រទេសថៃបានចាប់ផ្តើមមានភាពច្របូកច្របល់យ៉ាងខ្លាំង ហើយខ្លួនក៏មិនចង់លើកយករឿងប្រមាថព្រះមហាក្សត្រថៃដែលលោក ថាក់ស៊ីន ធ្លាប់ធ្វើឡើងក្នុងអតីតកាលឡើយ ដោយសារតែជាសម្តីអាក្រក់ជាបំផុត និងអាចប៉ះពាល់ដល់ព្រះជេស្តាព្រះមហាក្សត្រថៃបាន។
សម្តេចបានឆ្លើយតបយ៉ាងត្រង់ៗចំពោះសម្តីរបស់ថាក់ស៊ីន ដែលចោទថាខ្មែរមិនមានសីលធម៍ដោយថា៖«បើខ្ញុំអត់សីលធម៍ ហេតុអ្វីបានជាលោកពឹងពាក់ខ្ញុំអស់រយៈពេល ១៩ ឆ្នាំ(2006-2025)? លោកស្តាប់ការទូន្មានរបស់ខ្ញុំរហូតហៅខ្ញុំថា “មេ ០១”។»
នៅក្នុងសារនេះដែរ សម្តេច ហ៊ុន សែន ក៏បានរំលឹកអំពីដើមគំនិតបង្កើតគណបក្សភឿថៃសម្រាប់បោះឆ្នោតនៅឆ្នាំ ២០១១ ដែលសម្តេចហៅថា “ទ្រឹស្តី ហ៊ុន សែន” ដោយមានមាតិកាថា “ថាក់ស៊ីនគិត ភឿថៃធ្វើ”។
សម្តេចបញ្ជាក់ថា ការចោទថា លោកថាក់ស៊ីន ជាអ្នកដឹកនាំបក្សភឿថៃ និងការក្បត់ជាមួយភូមិចាយថៃ គឺជាគំនិតរបស់លោកថាក់ស៊ីនផ្ទាល់ មិនមែនជាគំនិតរបស់អ្នកដទៃនោះទេ។
«ការចោទប្រកាន់ថា លោកដឹកនាំបក្សភឿថៃ គឺជារឿងពិត។ រាប់ទាំងការក្បត់ជាមួយភូមិចាយថៃ គឺជាគំនិតលោកទាំងអស់ មិនមែនជាគំនិតអ៊ុងអុីនទេ។»
សម្តេចបានបញ្ចប់ថា នៅមានរឿងជាច្រើនទៀតដែលខ្លួនមិនទាន់និយាយទេ រួមទាំងការតែងតាំងសមាជិករដ្ឋាភិបាលថៃផងដែរ។