ដោយៈ ម៉ាណា
ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និងអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានបើកកិច្ចប្រជុំដោយផ្តោតសំខាន់ លើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។
ភាគីកម្ពុជា ដឹកនាំដោយលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកLing Ji អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារ កិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកឯកអគ្គរដ្ឋទូតចិន វ៉ាន វិញប៊ិន និងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត អញនកវិនិយោគ ព្រមទាំងមន្រ្តីពាក់ព័ន្ឋផងដែរ។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីអនុវត្តយន្តការការងារក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទ្វេរភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ក្នុងក្របខណ្ឌអនុស្សារណៈយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបន្តជំរុញកិច្ចអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបន្តជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរកម្ពុជា-ចិន៕