ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងថា បើទោះជាឈ្លើយសឹក ក៏ត្រូវបានការពារដោយអនុសញ្ញាហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
តាមរយៈសារលើបណ្តាញសង្គម ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បើទោះជាឈ្លើយសឹក ក៏ត្រូវបានការពារដោយអនុសញ្ញាហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមបញ្ចូលទាំង៖
-សិទ្ធិរស់រានមានជីវិត
-សិទ្ធិមិនត្រូវបានធ្វើទារុណកម្ម ហឹង្សា ការប្រមាថ ឬការរើសអើង
-សិទ្ធិទទួលបានសុខភាពល្អ កន្លែងស្នាក់នៅ និងអាហារ
-សិទ្ធិក្នុងការទំនាក់ទំនងជាមួយគ្រួសារ
-សិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់។
ឯកឧត្តម បានបន្តថាក៏ប៉ុន្តែកាន់តែខុសគ្នាទៅទៀតគឺ កងកម្លាំងកម្ពុជាចំនួន ២០រូប ដែលទាហ៊ានថៃចាប់ មិនមែនជាឈ្លើយសឹកនោះទេ ពីព្រោះការចាប់ពួកគាត់គឺក្រោយកិច្ចព្រមព្រៀងនៃការឈប់បាញ់គ្នា។ ម្យ៉ាងវិញទៀត, កាលពីឆ្នាំ ២០០៨ សង្រ្គាមនៅប្រាសាទព្រះវិហារ យើងចាប់បានទាហានថៃ នៅពេលនោះជនឈ្លើយសឹកម្នាក់នោះត្រូវបានយើងថែទាំ ហើយដោះលែងទៅវិញដោយគ្មានលក្ខខណ្ឌ បញ្ជូនឡើងយន្តហោះទៅទៀត។
«ខ្ញុំជាសាក្សី ពីព្រោះខ្ញុំជាមនុស្សដែលអតីត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បញ្ជូនខ្ញុំឲ្យទៅសួរនាំយកចម្លើយ។ ដើម្បីបង្ហាញសុច្ឆន្ទ:រវាងទ័ពទាំងសងខាង យោធាថៃត្រូវដោះលែងឲ្យពួកគេត្រឡប់មកវិញ ដូចដែលកម្ពុជាបានដោះលែងឈ្លើយសឹកថៃកាលពីឆ្នាំ ២០០៨ ដែ»។ ឯកឧត្តម បញ្ជាក់បន្ថែម។
សូមជម្រាបថា នៅវេលាម៉ោង ១០:៥៦នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ យោធាថៃ បានប្រគល់ទទួលទាហានខ្មែរ ២រូប (លោកអនុសេនីយ៍ត្រី អាង អឿង ភេទប្រុស អាយុ៣៧ឆ្នាំ និងលោកពលបាលឯក ម៉ម វុទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ) ក្នុងចំណោម ២០រូប ដែលថៃចាប់ជាចំណាត់ខ្មាំងនៅក្រោយបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ មកឱ្យកម្ពុជាវិញ នៅច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ៕ ប្រភព៖ oknhanews