ដោយៈ យិន លាងគង់ សហស្ថាបនិកគេហទំព័រPropertyarea.asia
ភ្នំពេញៈ ទឹកភ្នែកខ្មែរហូរម្តងទៀតហើយ! ឈាមខ្មែរស្រក់សាជាថ្មីម្តងទៀតហើយ ខ្មែររាប់ម៉ឺននាក់បានរត់ភៀសសឹកទៀតហើយ។
ប្រវត្តិសាស្រ្តនេះ មិនមែនថ្មីទេ សម្រាប់មេដឹកនាំ និងប្រជាពលរដ្ឋខ្មែរ រាប់រយឆ្នាំមកហើយ យើងត្រូវគេឈ្លានពាន គេធ្វើបាប និងគេសម្លាប់ ដោយសារយើងបែកបាក់គ្នា ព្រោះយើងអញនិយម ហើយយើងស្លូតពេក គុណធ៌មពេក មានសីលធ៌មពេក ទុកចិត្តសត្រូវពេក។
សន្តិភាពរងភាពស្រអ័ព្ទ
គិតចាប់ពីឆ្នាំ១៩៩៨ ដែលប្រជាជាតិខ្មែរ បានរួមគ្នាក្នុងគ្រួសារតែមួយ មានភ្លេងជាតិតែមួយ ទង់ជាតិតែមួយ ប្រទេសតែមួយ ស្នាមញញឹមខ្មែរបានលេចចេញ និងបង្ហាញលើទឹកមុខដ៏ស្លូតបូតរបស់ពួកគេ បន្ទាប់ពីសោកនាដកម្មធ្លាក់ចូលឆ្នាំសូន្យ(របបកម្ពុជាប្រជាធិបតេយ្យ)។
សន្តិភាពរយៈពេល២៧ឆ្នាំមកនេះ កំពុងរងការគំរាមកំហែងពីសត្រូវប្រចាំសហសវត្សរ៍ ដែលពួកគេមិនដែលមានចិត្ត ចង់បានសន្តិភាពជាមួយកម្ពុជា។ ផ្ទុយទៅវិញពួកគេ មានមហិច្ឆតា ចិញ្ចឹមចិត្តឈ្លានពាន និងលេបត្របាក់កម្ពុជាជារៀងដរាបមក។
តម្លៃសន្តិភាព ជា “មាស” ដែលមានសម្រាប់មនុស្សគ្រប់ៗគ្នា។ ហេតុនេះ យើងត្រូវតែរក្សាឲ្យបាន ប៉ុន្តែដើម្បីរក្សាឲ្យបាន យើងត្រូវដោះស្រាយសមីកាជាច្រើន ទើបយើងអាចរក្សាវាបាន សម្រាប់ជាតិសាសន៍មួយនេះ។
ចាប់ផ្តើមពីប្រព័ន្ឋអប់រំ
ប្រព័ន្ឋអប់រំជាអាយុជីវិតរបស់ជាតិ ការបណ្តែតបណ្តោយឲ្យមាន “អំពើពុករលួយ”ក្នុងវិស័យអប់រំ ជាការសម្លាប់ជាតិសាសន៍ ព្រោះអំពើពុករលួយជាដួងព្រលឹង និងជាវាសនារបស់ជាតិ។
ការពង្រឹងប្រព័ន្ឋអប់រំបន្ថែមទៀត ពិសេសកម្ពុជាគួររៀបចំមេរៀនប្រវត្តិសាស្រ្តជាតិឡើងវិញ និងឲ្យមានភាពស៊ីជម្រៅ ជាការចាំបាច់បំផុត ដោយចាប់ផ្តើមពីកម្រិតអនុវិទ្យាល័យ ដើម្បីឲ្យកូនខ្មែរគ្រប់ៗរូបទាំងសាលារដ្ឋ និងឯកជនបានស្គាល់ពីខ្លួនឯង មោទនភាពអ្វីពួកគេមាន អ្វីពួកគេត្រួវធ្វើ អ្វីពួកគេបានឆ្លងកាត់ និងអ្វីដែលពួកគេត្រូវធ្វើ “ដើម្បីការពារទឹកដីនេះ”។
មុខវិជ្ជាមិនចាំបាច់មួយចំនួនគួរផ្លាស់ប្តូរ មុខវិជ្ជាថ្មី ដូចជា ទស្សនវិទ្យាគួរត្រូវពង្រឹង ព្រោះជាតិសាសន៍មួយខ្លាំង មិនត្រឹមមានសេដ្ឋកិច្ចខ្លាំងនោះទេ តែក័៏ត្រូវមានប្រព័ន្ឋនៃការគិត វិភាគ និងទស្សនវែងឆ្ងាយផងដែរ ទើបប្រជាជាតិនោះមានគុណភាព ជាធនធានមនុស្សពិតប្រាកដ មិនមែននិស្សិតរៀបចប់បរិញ្ញាបត្រ អ្វីដែលពួកគេទទួលបាន គឺរៀនយកតែសញ្ញាបត្រនោះទេ។
ឈាមខ្មែរហូរ ទឹកភ្នែកខ្មែរស្រក់
ប្រជាពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ បានរត់ភៀសខ្លួនគេចពីសង្រ្គាម ក្នុងយុគសម័យដ៏ស៊ីវិល័យ និងច្របូកច្របល់ កុមាររាប់ពាន់នាក់ខកខានមិនបានទៅសាលារៀន ពួកគេត្រូវមកដេកនៅក្នុងតង់ជាមួយម្តាយរបស់ខ្លួន ស្របពេលឪពុកពួកគេខ្លះ កំពុងជាប់ដៃទប់ទល់ការឈ្លានពានពីសត្រូវចោរសៀមនៅសមរភូមិ។
នាយទាហាន វីរៈយុទ្ឋជន ប្រជាពលរដ្ឋកម្ពុជាប្រមាណ២០រូបបានបាត់បង់ជីវិត ដោយមិនគិតពីអ្នករងរបួសនៅឡើយទេ។
ស្នាមញញឹម បានប្រែក្លាយជាទឹកភ្នែក ភូមិដ៏សុខសាន្តបានស្ងាត់ជ្រងំលឺតែសម្លេងឆ្កែលូដ៏ព្រឺព្រួច សម្លេងសូត្រធ៌មរបស់សង្ឃនៅតាមអារ៉ាមនានាក៏ស្ងប់ស្ងាត់។ នេះហើយ ជាសោកនាដកម្មនៃសង្រ្គាមមួយ ដែលយើងមិនបានត្រៀមទុកមុខ ព្រោះយើងគិតតែពីការពារខ្លួន ជាជាងការត្រៀមខ្លួនសម្រាប់សង្រ្គាម។
អំណាចនៃការរួបរួម
កំពុងសរសេរអត្ថបទនេះ “ក៏ទឹកភ្នែកខ្ញុំហូរដែរ” ហូរដោយសារ ទី១ ឃើញសោកនាដកម្ម និងការពលីរបស់នាយទាហាន និងវីរៈ
យុទ្ឋជនស្នេហាជាតិរបស់ខ្មែរ ទី២ ព្រោះឃើញប្រជាពលរដ្ឋរាប់ម៉ឺននាក់ កំពុងភៀសសឹករស់យ៉ាងវេទនា រត់ចោលផ្ទះសម្បែង។
ទី៣ ហូរទឹកភ្នែកព្រោះឃើញចលនាមហាជន បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត៤ទសវត្សរ៍មកនេះ ទី៤ ហូរទឹកភ្នែក ព្រោះអាណិតមេដឹកនាំ ដែលមិនបានសម្រាន្ត មិនហ៊ានឈឺ ព្រោះនៅតាមដាន បញ្ជា ដើម្បីឲ្យនាយទាហាន ពលទាហានចេញប្រយុទ្ឋដើម្បីការពារជាតិ។
មេដឹកនាំដ៏អង់អាច
ក្នុងរជ្ជកាលសម្តេចតេជោ ធិបតី ខ្មែរមានស្នាមញញឹមឡើងវិញ ខ្មែរមានឱកាសកសាងជីវភាពបានប្រសើរ បានបានក្រេបជញ្ជក់នូវរសសន្តិភាពដ៏ពេញលេញ។
ប៉ុន្តែពេលនេះ មហាបុរសខ្លាំងរបស់កម្ពុជា បានពោលទាំងគួរឲ្យក្តុកក្តួលថា “ក្នុងសភាពការណ៍ប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះ “យើងគ្មានសិទ្ធិឈឺ និងគ្មានសិទ្ធិសម្រាកនោះឡើយ”។សម្តេចបានបន្ថែមថា “យើងមិនមានទម្លាប់ចាកចោលប្រជាជន នៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ”។
សម្តេចតេជោបានបន្ថែមនូវសារ ដ៏គួរឲ្យគោរពស្ងប់ស្ញែងថា “ពេញមួយជីវិតរបស់ខ្ញុំ មិនខុសជាមួយ យុទ្ធជនផ្សេងទៀតនោះទេគឺ
ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ”។
ក្រៅពីបទពិសោធន៍ជាមេដឹកមនាំ ជាអ្នកយុទ្ឋសាស្រ្ត ជាអ្នកកាទូតដ៏ជាញជ័យ សម្តេចតេជោហ៊ុន សែនអតីតៈនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ជាអ្នកដឹកនាំការប្រយុទ្ឋ ជាអ្នករៀបចំយុទ្ឋសាស្រ្តកងទ័ពដ៏អង់អាច និងឆ្នើមបំផុតមួយរូបផងដែរ។
សម្តេចបានឆ្លងកាត់ការប្រយុទ្ឋ នៅសមរភូមិ១០៥ដង ហេតុនេះហើយបានជាស្មារតីកងទ័ព ស្មារតីមេទ័ពធំៗ គោរពកោតស្ញប់ស្ញែងសម្តេច និងរង់ចាំស្តាប់បញ្ជាពីសម្តេច និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមិនហ៊ានបំពានម្តងណាឡើយ។
ជាក់ស្តែងការប្រយុទ្ឋរយៈពេល៤ថ្ងៃកន្លងមកនេះ ទោះបីជាមានជនរងគ្រោះ និងវីរៈយុទ្ឋជនបានស្លាប់ និងរបួសក្តី ក៏កងទ័ពកម្ពុជានៅតែអង់អាចក្លាហាន និងបន្តគ្រប់គ្រងសមរភូមិបានយ៉ាងពេញលេញ។
យុទ្ឋសាស្រ្តអភិវឌ្ឍន៍ជាតិអាចត្រូវបង្អាក់?
រយៈពេលជាង៥០០ឆ្នាំ ក្រោយបែកបាក់អាណាចក្រអង្គរ កម្ពុជាមិនមានពេលរៀបចំផែនការ “យុទ្ឋសាស្រ្តអភិវឌ្ឍន៍ជាតិ” រយៈពេលវែងដូចពេលនេះទេ ទើបតែរជ្ជកាលនេះប៉ុណ្ណោះ ដែលសម្តេចតេជោបាន “ក្រាលព្រំមាស”ដោយនាំកម្ពុជាឆ្ពោះ ទៅកាន់ឋាន
ៈប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយចក្ខុវិស័យ ប្រកបដោយមហិច្ឆតានេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបាននិងកំពុងរៀបចំផែនការ សម្រាប់ឆ្នាំ២១០០ផងដែឬ។ ហេតុនេះ ការបញ្ចប់សង្រ្គាមជាមួយចោរសៀម ឆាប់ៗតាមដែលអាចធ្វើទៅបាន វាជាវិធីសាស្រ្តដ៏ល្អ ដើម្បីកម្ពុជាមានពេលវេលាកាន់តែពេញលេញ និងប្រកបដោយភាពរលូន ក្នុងការធ្វើយ៉ាងណាឲ្យសម្រេចបាននូវចក្ខុវិស័យដ៏ពិសិដ្ឋមួយនេះ។
ផ្ទុយទៅវិញ ប្រសិនជាសង្រ្គាមនេះរាលដាលកាន់តែធំ និងមានរយៈពេលវែង យុទ្ឋសាស្រ្តនេះទំនងជារងការរំខាន។ ហេតុនេះការជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ នៅថ្ងៃទី២៨ កក្កដា របស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា គួរតែទទួលបានផលវិជ្ជមានមួយ ដែលអាចឈានទៅបញ្ចប់សង្រ្គាមឆាប់ៗនេះ។
ប៉ុន្តែសញ្ញាវិជ្ជមានអាចមានតិច ដោយសារ ទី១ សៀមនឹងស្នើឲ្យកម្ពុជា ដកបណ្តឹងនៅតុលាការយុត្តិធ៌មអន្តរជាតិ ទី២ សៀមនឹងស្នើឲ្យកម្ពុជាដកកងទ័ព ទី៣ សៀមនឹងស្នើឲ្យកម្ពុជាសម្បទានរឿងអ្វីមួយ ដើម្បីបញ្ចប់សង្រ្គាម ដែលបញ្ហាទាំងអស់នេះសៀមអាចនឹងលើកឡើង ស្របពេលឆន្ទៈមេដឹកនាំកម្ពុជា នឹងប្រកាន់ជំហរម៉ឺងមាត់ និងច្បាស់លាស់បំផុត។
ខ្មែរត្រូវតែខ្លាំង មិនអាចពឹងផ្អែកកត្តាខាងក្រៅទៀតទេ
រឿងដ៏ជូរចត់នេះ បាននិងកំពុងរំលឹកឡើងវិញ នូវមេរៀនដ៏ជូរចត់ជាថ្មី សម្រាប់អ្នកជំនាន់មុន ដែលធ្លាប់ឆ្លងកាត់សង្រ្គាម និងការផ្លាស់ប្តូរជាច្រើនរបបកន្លងមក ប៉ុន្តែជាវិញ្ញាសារថ្មីរបស់អ្នកជំនាន់ក្រោយ ដែលកើតក្រោយឆ្នាំ១៩៧៩ ដែលពួកគេទើបបានឃើញនិងយល់ ហើយពួកគេបាន និងកំពុងយល់ពីតម្លៃនៃសុខសន្តិភាព និងអ្វីដែលពួកគេត្រូវក្រោកឈរ និងសាងនូវមូលដ្ឋានប្រព័ន្ឋ នៃការគិតរបស់ពួកគេឲ្យមានភាពរឹងមាំ ព្រមទាំងត្រៀមខ្លួនដើម្បីប្រយុទ្ឋ សម្រាប់ប្រទេសពួកគេនាពេលអនាគត។
ហេតុនេះ ស្មារតីជាតិតែមួយ ស្មារតីផលប្រយោជន៍រួម ស្មារតីស្នេហាជាតិ “ស្មារតីខ្មែរខ្លាំង”ត្រូវតែកសាងឡើងពីពេលនេះ ជាមួយសង្គមមួយមានយុត្តិធ៌ម ស្អាតស្អំ ការកសាងភាពជាគំរូពីមេដឹកនាំ ការរៀបចំប្រព័ន្ឋអប់រំមួយ ដែលមានគុណភាព និងគុណវុឌ្ឍិ ការផ្លាស់ប្តូរភ្លេងជាតិថ្មីពីបទបច្ចុប្បន្ន ទៅបទ “ដែនដីខ្មែរ” គួរធ្វើឡើង ព្រោះភ្លេងជាតិ ក៏ជាផ្នែកមួយកំណត់ភាពខ្លាំង របស់ប្រជាជាតិមួយផងដែរ ដោយសារទី១ ជាការបញ្រ្ជាបមនោគមវិជ្ជាចេញពីសាលារៀន តាំងពីកុមារតូចៗ រហូតដល់មនុស្សចាស់ ទី២ បទដែនដីខ្មែរ មានលក្ខណៈជម្រុញទឹកចិត្តស្នេហាជាតិ។
ទី៣ បទនេះបង្ហាញពីភាពខ្លាំង និងសាមគ្គីជាតិ ដែលប្រជាជាតិខ្មែរ ដែលមិនសូវមានទឹកចិត្តជាតិនិយមពេញលេញ គួរមានបទភ្លេងបែបនេះ ដើម្បីបណ្តុះមនសិកាស្នេហាជាតិរបស់ពួកគេឡើងវិញ។
ការកសាងមូលដ្ឋានទ័ពរឹងមាំ មានមូលដ្ឋានទ័ពអាកាស សម្រាប់ត្រៀមប្រយុទ្ឋ មានសព្វាវុធទំនើបៗ ការចំណាយលើយោធាឲ្យបានកាន់តែច្រើន កសាងសេដ្ឋកិច្ចកាន់តែប្រសើរ និងរឹងមាំ ដោយអាចឈរខ្លួនឯងបាន និងការពារខ្លួនឯងបាន ត្រៀមប្រយុទ្ឋបាន និងឈ្លានពានបាន ជាអ្វីដែលប្រជាជាតិនេះត្រូវមាន ដែលមេដឹកនាំជាតិគួរពិចារណា។
ទស្សនវិទូមួយរូបលើកឡើងថា “ប្រទេសមួយ ដើម្បីរក្សាសន្តិភាពបាន ត្រូវត្រៀមខ្លួនសម្រាប់ប្រយុទ្ឋ”៕