ការសិក្សា: ទីក្រុងឌូបៃបើកដំណើរការលក់លំនៅដ្ឋានថ្មីប្រមាណ៥០០យូនីតជាមធ្យមក្នុងមួយថ្ងៃនៅឆមាសទី១

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ចំនួនលំនៅដ្ឋានថ្មីប្រមាណ៥០០យូនីតត្រូវបានបើកដំណើរការលក់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈបណ្តាអ្នកអភិវឌ្ឍន៍បានសម្រុកទាញយកអត្ថប្រយោជន៍ពីតម្រូវការទីផ្សារ។

យោងតាមទិន្នន័យបង្ហាញថា គម្រោងលំនៅដ្ឋានថ្មីចំនួន៣២៥គម្រោង ត្រូវបានបើកដំណើរការក្នុងឆមាសទី១ ដែលមានចំនួនលំនៅដ្ឋានជាង៨៧.៩០០យូនីត។ក្នុងនោះ លំនៅដ្ឋានថ្មីជិត៤៩០យូនីតត្រូវបានដាក់លក់ជាមធ្យមក្នុងមួយថ្ងៃ។

ការកើនឡើងនេះជាសញ្ញាបង្ហាញពីភាពរឹងមាំនៃវិស័យអចលនទ្រព្យរបស់ទីក្រុងឌូបៃ ដោយសារកំណើននៃតម្រូវការរបស់អ្នកទិញលំនៅដ្ឋានក្នុងគោលបំណងរស់នៅ (End-user) និងកំណើននៃតម្រូវការរបស់អ្នកទិញក្នុងគោលបំណងវិនិយោគ។

ស្របពេលមានការកើនឡើងនូវទំនុកចិត្តលើទីផ្សារ និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បណ្តាអ្នកអភិវឌ្ឍន៍នានាកំពុងពន្លឿនការបើកដំណើរការគម្រោងលំនៅដ្ឋានថ្មី ដើម្បីទាញយកអត្ថប្រយោជន៍ពីលក្ខខណ្ឌទីផ្សារអំណោយផល និងតម្រូវការខ្ពស់។

បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងព្យាយាមរក្សាសន្ទុះនៃការចាប់ផ្តើមបើកសម្ពោធគម្រោងលំនៅដ្ឋានថ្មី ដើម្បីទាញយកផលចំណេញខ្ពស់ពីកំណើននៃតម្រូវការនាពេលបច្ចុប្បន្ន។លំហូរអ្នកវិនិយោគបរទេសមកពីប្រទេសឥណ្ឌា ប្រទេសប៉ាគីស្ថាន និងតំបន់អឺរ៉ុបបានឈានជើងចូលទីក្រុងឌូបៃក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។

គិតរហូតមកទល់ពេលនេះ តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅក្នុងទីក្រុងឌូបៃនៅតែមានទំហំទឹកប្រាក់ទាបជាងទីក្រុងធំៗលើពិភពលោកដូចជា ទីក្រុងឡុងដ៍ ទីក្រុងញូវយ៉ក ទីក្រុងហុងកុង ទីក្រុងតូក្យូ និងទីក្រុងផ្សេងៗទៀត៕ប្រភព: Khaleej Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here