ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដូវវស្សានឹងចូលមកដល់នៅសប្តាហ៍ទី៣ខែ ឧសភានេះ ដែលនឹងមានទឹកគ្រប់គ្រាន់សំរាប់ដំនើរការផលិតថាមពលអគ្គិសនីឡើងវិញ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ក្នុងទិវាពិភពលោកកាកបាតក្រហម និងអឌ្ឈច័ន្ទក្រហម៨ ឧសភានេះថា សម្តេចទើបតែទទួលរបាយការណ៍ពីលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា មកដល់យប់មិញនេះ វារីអគ្គិសនីទាំងអស់ បានផលិតថាមពលអគ្គិសនីបានកើតឡើងដល់ជាង៦០០មេហ្គាវ៉ាត់ ក្នុងកម្លាំងសរុបប្រមាណ១០០០ មេហ្គាវ៉ាត់។ សម្តេចបន្តថា ពីមុនដោយសារមិនមានទឹក វារីអគ្គិសនីទាំងអស់ ផលិតអគ្គិសនី បានត្រឹមតែ១០០ មេហ្គាវ៉ាត់ប៉ុណ្ណោះ។
សម្តេចបន្តថា ជាមួយនឹងការប្រកាសខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម គឺរដូវវស្សា នឹងចូលមកដល់នៅសប្តាហ៍ទី៣ នៃខែឧសភានេះ។ នៅពេលនោះ នឹងមានទឹកគ្រប់គ្រាន់តាមវារីអគ្គិសនី ដែលអាចផលិតថាមពលអគ្គិសនីបានគ្រប់គ្រាន់ឡើងវិញ៕