ដោយ វុត្ថា
ភ្នំពេញៈ អាករសម្រាប់បំភ្លឺសាធារណៈ ត្រូវបានកំណត់តាមអត្រា៣%លើការផ្គត់ផ្គង់គ្រប់ដំណាក់កាលនូវ សុរាមេរ័យ និង បារី ក្នុងព្រះរាជាណាច្រកម្ពុជា ដើម្បីជាប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ សម្រាប់បំភ្លឺសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា។
អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ផលិតផលទាំងនេះ ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះ ជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។
១. អ្នកប្រមូល និងបង់អាករបំភ្លឺសាធារណៈ
បុគ្គលដែលផ្គត់ផ្គង់សុរាមេរ័យ (គ្រឿងស្រវឹង) និងបារី។ អាករបំភ្លឺសាធារណៈត្រូវអនុវត្តគ្រប់ដំណាក់កាល នៃការផ្គត់ផ្គង់សុរាមេរ័យ (គ្រឿងស្រវឹង) និងបារី។
២. ទំនិញ ដែលត្រូវជាប់អាករបំភ្លឺសាធារណៈ
• ស្រាបៀរ
• ស្រាទំពាំងបាយជូរស្រស់ រួមទាំងស្រាទំពាំងបាយជូរដែលបានបន្ថែមជាតិសុរា
• ស្រាវែមុត និងស្រាទំពាំងបាយជូរស្រស់ផ្សេងទៀតផ្សំពីរុក្ខជាតិ និងសារជាតិក្រអូប ភេសជ្ជៈមេរ័យផ្សេងទៀត លើកលែងទឹកត្នោតជូរ និងស្រាស
• អាល់កុលអេទីលិកសុទ្ធ ដែលមានកម្រិតជាតិសុរាក្នុងឯកតាចំណុះពី ៨០% នៃចំណុះ
• ឬលើសពីនេះ និងអាល់កុលអេទីលិក ហើយនិងភេសជ្ជៈមានជាតិសុរាដែលបាត់បង់កំរិតសុរាដើមរបស់វា
• អាល់កុលអេទីលិកបាត់បង់ធាតុសុទ្ធ ដែលមានកម្រិតជាតិសុរាឯកតាចំណុះពី ៨០% នៃចំណុះ និងភេជ្ជៈមានជាតិសុរា ភេសជ្ជៈស្រវឹងផ្សេងៗទៀត ការរៀបចំកែច្នៃសុរាផ្សំក្នុងប្រភេទដែលប្រើសម្រាប់ផលិតភេសជ្ជៈ
• បារី និងបារីស៊ីហ្គាគ្រប់ប្រភេទ។
៣. មូលដ្ឋានគិតអាករបំភ្លឺសាធារណៈ និងការគណនា
មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈត្រូវបានកំណត់ដូចខាងក្រោម៖
ក. ចំពោះអ្នកផលិត និងអ្នកនាំចូល មូលដ្ឋានគិតអាករគឺថ្លៃផ្គត់ផ្គង់ដែលត្រូវបានកត់ត្រាលើវិក័យបត្រ រួមបញ្ជូលទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបន្ថែម (អ.ត.ប) និងអាករបំភ្លឺសាធារណៈខ្លួនឯង (អ.ប.ស)។
ខ. ចំពោះអ្នកផ្គត់ផ្គង់បន្ត មូលដ្ឋានគិតអាករស្មើនឹង ២០ភាគរយ នៃថ្លៃផ្គត់ផ្គង់ដែលត្រូវបានកត់ត្រាលើវិក័យបត្រ រួមបញ្ជូលទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករបំភ្លឺសាធារណៈខ្លួនឯង៕