ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលឡាវបានចាប់ផ្តើមឱ្យក្រុមហ៊ុនរបស់ខ្លួន Pero Trade សិក្សាអំពីលទ្ធភាពសាងសង់ផ្លូវដែក តភ្ជាប់ទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ាន ដោយចាប់ផ្តើមតភ្ជាប់ជាតំបូងជាមួយប្រទេសវៀតណាម។
ក្រសួងផែនការនិងវិនិយោគឡាវ កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ជាមួយក្រុមហ៊ុន Petro Trade ដើម្បីបញ្ចប់ការសិក្សានូវគម្រោងរចនាប្លង់ផ្លូវដែកនេះ។
យោងតាមខ្លឹមសារនៃអនុស្សារណៈយោគយល់ (MOU) បានឱ្យដឹងថា ផ្លូវដែកនេះ រត់ចេញពីស្រុក Thakhaet នៃខេត្តKhammuan របស់ប្រទេសឡាវ ទៅកាន់ព្រំដែនប្រទេសវៀតណាម ដើម្បីតភ្ជាប់ជាមួយកំពង់ផែ Vung Ang ដែលស្ថិតនៅក្នុងខេត្ត Ha Tinh ភាគកណ្តាលនៃប្រទេសវៀតណាម។
MOU ដដែលបន្តថា ផ្លូវដែកនេះ នឹងតភ្ជាប់ប្រទេសឡាវ ទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ាន នឹងជួលដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្របសម្រួលដល់ការវិនិយោគ ពាណិជ្ជកម្ម និងកសិកម្ម ដែលផ្តល់សក្តានុពលដល់ប្រទេសឡាវ ដើម្បីក្លាយជាប្រទេសឧស្សាហកម្មទំនើប។
លោក Chanthone Sithinxay ប្រធានក្រុមហ៊ុន Petro Trade បានឱ្យដឹងថា ផ្លូវដែកនេះមានចម្ងាយពី២៤០គីឡូម៉ែត្រ ទៅ២៧០គីឡូម៉ែត្រ ដែលក្នុងនោះមានប្រវែង ១៥០ម៉ែត្រគីឡូម៉ែត្រ ស្ថិតនៅខាងភាគីឡាវ និង១២០ គីឡូម៉ែត្រផ្សេងទៀត ស្ថិតនៅខាងភាគីវៀតណាម។
លោកបន្តថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលវៀតណាម ក្រុមហ៊ុននឹងបន្តការស្ទង់មតិ និងសិក្សាបន្តពីព្រំដែនវៀតណាមដល់កំពង់ផែ Vung Ang ដែលត្រូវពេលប្រមាណ១២ខែក្នុងការបញ្ចប់ការសិក្សា និងរចនាប្លង់។ ក្រោយពីមានការអនុញ្ញាតពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់ផ្លូវដែកនេះ នៅក្នុងឆ្នាំ ២០២១ និងបញ្ចប់នៅឆ្នាំ២០២៤។
លោកបានបញ្ជាក់ថា ខ្សែផ្លូវដែកនេះ នឹងក្លាយជាផ្លូវដែកអន្តរជាតិ ដើម្បីដឹកជញ្ជូនទំនិញ និងអ្នកដំណើរដែលមានល្បឿន ៩០គីឡូម៉ែត្រ ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើបច្ចេកវិទ្យាពីប្រទេសឥណ្ឌូនេស៊ី។ តែយ៉ាងណាក៏ដោយ លោកទាន់បានប្រាប់ពីតម្លៃវិនិយោគ លើគម្រោងវិនិយោគលើផ្លូវដែកនេះនៅឡើយទេ ហើយលោកនឹងបង្ហាញទំហំថវិកាទាំងមូលនៅពេលបញ្ចប់ការសិក្សាជាផ្លូវការ៕