ដោយៈ រ៉ាណេត
កែបៈ នៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០១៩ ២០២៣ រដ្ឋបាលខេត្តកែប បានកំណត់គោលដៅនៃតំបន់ទេសចរណ៍ នៅឆ្នាំ២០២៣ខាងមុខ នឹងទទួលភ្ញៀវទេសចរណ៍ចំនួន ២,១លាននាក់ ក្នុងនោះគោលដៅទេសចរណ៍អន្តរជាតិ១០ម៉ឺននាក់ និងទេសចរជាតិ២លាននាក់។
ដើម្បីអាចសម្រេចបានគោលដៅនេះ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ នៅសាលប្រជុំសាលាខេត្តកែប អង្គភាពអនុវត្តគម្រោងនៃក្រសួងទេសចរណ៍ បានសហការជាមួយមន្ទីរទេសចរណ៍ខេត្ត ដែលមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍នាឆ្នាំ ២០១៩-២០២៣។
អភិបាលរងខេត្តកែប លោកស្រីអ៊ុល ភិរុណ បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងកំណត់បាននូវផែនការអភិវឌ្ឍន៍ទេសចរណ៍ ច្បាស់លាស់មួយ សម្រាប់អភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ទុកថា ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តនេះ ជាតំបន់ទេសចរណ៍សម្រាកលំហែរកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញកម្រិតតំបន់ និងពិភពលោក។
នៅក្នុងកិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើការអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍, ការឃោសនា និងផ្សព្វផ្សាយទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ ការសម្រួលការធ្វើដំណើរទេសចរណ៍ សុវត្ថិភាពទេសចរណ៍ ការអភិវឌ្ឍន៍ធនធានមនុស្សច្បាប់ និងការគ្រប់គ្រងជាដើម និងបានកំណត់រយៈពេលអនុវត្ត ប្រភពថវិកាទ្រទ្រង់គម្រោង និងអ្នកទទួលខុសត្រូវត្រឹមត្រូវ។
គោលដៅសំខាន់ៗសម្រាប់អនុវត្តរយៈ៥ឆ្នាំខាងមុខ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ២០១៩-២០២៣ គឺធ្វើយ៉ាងណាឱ្យមានភាពស៊ីសង្វាក់គ្នា ជាមួយផែនការអភិវឌ្ឍន៍ទេសចរណ៍២០១៩-២០២០ ប្លង់គោលប្រើប្រាស់ដីក្រុងកែប ចក្ខុវិស័យឆ្នាំ២០៣០ ពិសេសផ្តោតទៅលើការអភិវឌ្ឍន៍ទេសចរប្រកបដោយគុណភាព និងទេសចរណ៍ស្ងប់ស្ងាត់៕