ដោយ វុត្ថា
ភ្នំពេញ៖ កម្ពុជាត្រូវការថវិកាជិត ៦០ពាន់លានដុល្លារអាមេរិក ដើម្បីសម្រេចរាល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
យោងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ត្រូវបានប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល ៥ឆ្នាំនេះ ត្រូវការប្រភពហិរញ្ញប្បទានដោយធនធានក្នុងស្រុក និងធនធានក្រៅស្រុក ព្រមទាំងវិនិយោគមូលធនរបស់វិស័យសាធារណៈ និងឯកជនប្រមាណជា ៥៩.៩ពាន់លានដុល្លារអាមេរិក។
ក្នុងនោះការវិនិយោគមូលធនរបស់វិស័យឯកជនមានចំនួនប្រមាណ ៤៣.៤ពាន់លានដុល្លារអាមេរិក ស្មើនឹង ៧២.៥% នៃទុនវិនិយោគសរុប និងវិនិយោគមូលធននៃវិស័យសាធារណៈប្រមាណ ១៦.៤ពាន់លានដុល្លារអាមេរិក ស្មើនឹង ២៧.៥% នៃទុនវិនិយោគសរុប។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ថា កម្ពុជានៅមានការងារអាទិភាពសេសសល់នៅក្នុងដំណើរការនៃការអនុវត្តផែនការយុទ្ធសាសស្ត្រអភិវឌ្ឍជាតិ ២០១៤-២០១៨ ចំនួន៧៖
១) ការលើកកម្ពស់ ការកាត់បន្ថយភាពក្រីក្រ និងកំណើនប្រកបដោយបរិយាប័ន្ន ២) ការពង្រីកវិស័យកសិកម្ម ៣) ការធានានូវភាពប្រកួតប្រជែងកាន់តែខ្លាំង ៤) ការគ្រប់គ្រងការធ្វើចំណាកស្រុក និងនគរូបនីយកម្ម ៥) ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការកាប់ព្រៃឈើ ៦) ការធានានូវអភិបាលកិច្ចល្អប្រសើរ និង ៧) កែលម្អមូលដ្ឋានធនធានមនុស្ស។
ទោះបីជាយើងជួបនឹងបញ្ហាប្រឈមជាច្រើនក្នុងការអនុវត្តការងារអាទិភាពទាំងនេះ តែយើងបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តការងារគន្លឹះទាំងឡាយនៅក្នុងក្របខ័ណ្ឌ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវជោគជ័យធំៗគួរជាទីមោទនៈក្នុងពេកកន្លងមក។
សម្តេចបន្តថា កម្ពុជាបានលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងការបង្កើតនូវបរិយាកាសអំណោយផលមួយសម្រាប់ធានាឱ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការធ្វើឱ្យសេដ្ឋកិច្ចមានកំណើនថេរ ក្នុងរង្វង់៧% និងការសម្រេចបាននូវវឌ្ឍនភាពក្នុងដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងការកាត់ បន្ថយភាពក្រីក្រស្របតាមឆន្ទៈនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ចំពោះមុខនេះ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រនិងជំរុញល្បឿននៃកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដើម្បី កំណើនការងារ សមធម៌ និង ប្រសិទ្ធភាព ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច សម្រាប់កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្រសួងផែនការបានអោយដឹងថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ដែលត្រូវបានចប់អាណត្តិនាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕