ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលនៃប្រទេសទាំង៣ តាមរយៈស្ថាប័ន និងក្រសួងទេសចរណ៍ បានចាប់ផ្តើមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងកិច្ចអនុវត្តកម្មវិធីផ្សព្វផ្សាយបេតិកភណ្ឌប្រវត្តិសាស្ត្ររួមគ្នា ដើម្បីជំរុញ មិងលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌រួមគ្នានៅក្នុងតំបន់ ស្របតាមយុទ្ធសាស្ត្រ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” ។
ផ្ដើមចេញពីប្រទេសចិន បានបង្កើតឱ្យមានមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅក្នុងវិស័យទេសចរណ៍ ដែលកាន់តែបង្កើនការភ្ជាប់ទំនាក់ទំនង់ ចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងសក្ដានុពលនៃវិស័យទេសចរណ៍ប្រចាំប្រទេសនីមួយៗតាមរយៈក្បួនរថយន្តទេសចរណ៍ Caravan Tours ឬហៅថា Self-Driving Tours ដែលចេញដំណើរពីខេត្តយូណាន ប្រទេសចិន កាត់តាមប្រទេសឡាវ ឆ្ពោះមកកាន់ប្រទេសកម្ពុជា។
នៅក្នុងកិច្ចជំនួបស្វាគមន៍ និងអបអរសាទរចំពោះបណ្តាអ្នកចូលរួមនៅក្នុងមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅមជ្ឈមណ្ឌលកម្សាន្ត Prince Manor Resort ដែលស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានលើកទឹកចិត្តដល់បណ្តាភ្ញៀវទេសចរដែលចូលរួមនៅក្នុងមហាព្រឹត្តិការណ៍ទាំងអស់ ហើយជំរុញឱ្យមានសកម្មភាពដូចភ្លៀងរលឹមបន្តទៀត។
លោក ថោង ខុន បានមានប្រសាសន៍ថា “ដំណើរក្បួនរថយន្តនេះ គឺពិតជារួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ ដូចជាក្នុងក្របខណ្ឌសហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាងជាដើម ពិសេសព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃការអបអរសាទរ «ឆ្នាំទេសចរណ៍ និងវប្បធម៌ចិន-កម្ពុជាលើកដំបូង» ឈានឆ្ពោះទៅសម្រេចបានសមិទ្ធផលជាទីមោទនៈជាច្រើនទៀត សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
លោកបានបន្តទៀតថា តាមរយៈក្បួនរថយន្ត Caravan Tours យើងក៏អាចមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ អំពីការតភ្ជាប់តាមផ្លូវគោករវាងប្រទេសចិន ឡាវ និងកម្ពុជា ដែលនឹងជួយជំរុញទេសចរចិនមកកម្ពុជាកាន់តែច្រើន ក៏ដូចជាជំរុញទេសចរពីកម្ពុជាទៅប្រទេសចិន និងប្រទេសឡាវ តាមរយៈការធ្វើដំណើរដែលបើកបរដោយខ្លួនឯង (Self-Driving Tour) នេះផងដែរ។
អគ្គនាយករងនៃមន្ទីរវប្បធម៌ និងទេសចរណ៍ចិនប្រចាំខេត្តយូណានលោកស្រី ស្ស៉ី លីន បានលើកឡើងថា កម្មវិធីផ្សព្វផ្សាយបេតិកភណ្ឌប្រវត្តិសាស្រ្តតាមក្បួនរថយន្តពីប្រទេសចិន ឡាវ និងកម្ពុជា គឺជាសកម្មភាព និងវិធានការជាក់ស្តែង ដើម្បីអនុវត្តនូវអនុសាសន៍ដែលបានព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ហើយក៏ជាភាពច្នៃប្រឌិតមួយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ចិន-កម្ពុជា។
លោកស្រីអគ្គនាយករងបានបន្តថា ក្បួនរថយន្តទេសចរណ៍បើកបរដោយខ្លួនឯងនេះ ពិតជាចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញការផ្លាស់ប្តូរ និងកិច្ចសហការវប្បធម៌ និងទេសចរណ៍រវាងខេត្តយូណាន ប្រទេសឡាវ និងកម្ពុជា ដែលមានសារសំខាន់ និងឥទ្ធិពលធំធេង។
លោកស្រីថា ក្រោមបរិបទប្រវត្តិសាស្ត្រថ្មី មានឆន្ទៈនិងខិតខំបន្តនូវមិត្តភាពប្រពៃណីចិន និងកម្ពុជា អនុវត្តឱ្យបានល្អនូវទស្សនទានរួមរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរចូលរួមយ៉ាងសកម្ម ក្នុងការជំរុញសហប្រតិបត្តិការ «ខ្សែក្រវាត់ និងវិថី»។
ក្បួនរថយន្តទេសចរណ៍ Caravan Tours ខាងលើនេះ មានរយៈពេល២៧ថ្ងៃ ដោយបានចេញដំណើរពីទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន តាំងពីថ្ងៃទី២៥ ខែវិច្ឆិកា និងបានមកដល់រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប មុនពេលត្រឡប់ទៅកាន់ទីក្រុងគុនមីងវិញ ក្នុងចម្ងាយទាំងទៅទាំងមកប្រមាណ ៥,៧២០គីឡូម៉ែត្រ៕