ដោយ វុត្ថា
ភ្នំពេញៈ តាមការសិក្សាស្រាវជ្រាវកន្លងមកបានបង្ហាញឱ្យឃើញថា ស្ថាបត្យកម្មខ្មែរ គឺមានការវិវត្តនិងរីកចម្រើនឥតឈប់ឈរ ពីសម័យមួយទៅសម័យមួយ ហើយកាន់តែលូតលាស់ជាលំដាប់ទៀតផង។
លោកបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងសិក្ខា សាលាស្តីពីការវិវត្តន៍ នៃសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ស្ថាបត្យករខ្មែរ គឺមានទេពកោសល្យខ្ពង់ខ្ពស់បំផុត ក្រៅពីទេពកោសល្យខាងការផ្សែផ្សំ ធ្វើសំយោគពីសិល្បៈបរទេស និង សិល្បៈខ្មែរ ជំនាន់មុនស្ថាបត្យករខ្មែរ បានបង្កើតចេញនូវសិល្បៈថ្មីមួយទៀត ដែលមានទម្រង់ជាសិល្បៈខ្មែរ ស្របតាមទស្សនៈខ្មែរសុទ្ធសាធ។
បណ្ឌិតសភាចារ្យបន្តថា ជាការពិតក្នុងបរិបទសាកលភាវូបនីយកម្ម សំណង់និងស្ថាបត្យកម្មខ្មែរសម័យទំនើប ចាប់តាំងពីសម័យអាណានិគមនិយមបារាំង សម័យសង្គមរាស្ត្រនិយម រហូតមកដល់សម័យបច្ចុប្បន្ន ខ្មែរតែងតែផ្សារភ្ជាប់ទៅនឹងស្ថាបត្យកម្ម និង ក្បាច់រចនាបែបបុរាណខ្មែរ ដែលបានបន្សល់ទុកជាមរតកដ៏វិសេសវិសាល តាំងពីសម័យចក្រភពអង្គរ បង្កើតបានជាតម្លៃដ៏ពិសិដ្ឋរបស់ប្រជាជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន។
លោកព្រឹទ្ធាចារ្យឡោ សាន វីរៈសិល្បករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគូសបញ្ជាក់អំពីទេពកោសល្យដ៏វិសេសវិសាល របស់បុព្វបុរសខ្មែរ នៅក្នុងវិស័យស្ថាបត្យកម្មខ្មែរបុរាណ និងការវិវត្ត និងរីកចម្រើនឥតឈប់ឈរនៃស្ថាបត្យកម្មខ្មែរ ពីសម័យមួយទៅសម័យមួយ ដែលបានឆ្លុះបញ្ចាំងអំពីទេពកោសល្យ ដ៏ខ្ពង់ខ្ពស់របស់ស្ថាបត្យករខ្មែរបុរាណ។
លោកបណ្ឌិតសភាចារ្យបានលើកឡើងបន្តថា ក្រៅពីទេពកោសល្យខាងការផ្សែផ្សំ ធ្វើសំយោគពីសិល្បៈបរទេស និង សិល្បៈខ្មែរជំនាន់មុនៗ ស្ថាបត្យករខ្មែរបានបង្កើតចេញនូវសិល្បៈថ្មីមួយទៀតដែលមានទម្រង់ជាសិល្បៈខ្មែរ ស្របតាមទស្សនៈខ្មែរសុទ្ធសាធទៀតផង។
លោកព្រឹទ្ធាចារ្យឡោ សាន បានគូសបញ្ជាក់បន្ថែម ដោយបានលើកឡើងជាឧទាហរណ៍ថា នៅសម័យភ្នំដា ខ្មែរបានលុងភ្នំធ្វើជាប្រាសាទតាមទម្រង់ នៃសិល្បៈឥណ្ឌា តែក្រោយមកស្ថាបត្យករខ្មែរ បានច្នៃប្រឌិតពីជំនឿគោរពនៅលើទីខ្ពស់ ដូចជាភ្នំធម្មជាតិមកជំនួស ដោយការកសាងប្រាសាទភ្នំនៅលើដីរាបទៅវិញ ជាក់ស្តែងការសាងសង់ប្រាសាទនៅសម័យឧដុង្គ។
ជាការពិតណាស់ ទស្សនគោរពទីខ្ពស់នេះខ្មែរមានរួចមកហើយ តាំងពីបុរេប្រវត្តិមកម៉្លេះ ហើយលុះដល់ពេលដែលឥណ្ឌាចូលមកដល់ស្រុកខ្មែរ ក៏ជំរុញឱ្យទស្សនៈទាំងពីរដែលស្របគ្នានេះ រឹតតែមានឥទ្ធិពលខ្លាំងឡើងថែមទៀត ហើយវប្បធម៌ដែលខ្មែរបានបង្កើត គឺជាការច្នៃប្រឌិតទាញយកអរិយធម៌បរទេស ដែលមានលក្ខណៈប្រហាក់ប្រហែលអាចច្របាច់បញ្ចូលគ្នាបាន មកធ្វើការកែច្នៃនិងបង្កើតថ្មី ឱ្យលក្ខណៈជាព្រលឹងនៃវប្បធម៌ខ្មែរតាមបែបខ្មែរ។
រាជបណ្ឌិតសភានៃកម្ពុជា បានសិក្ខាសាលានេះបានផ្សព្វផ្សាយ ជាអត្ថបទពិគ្រោះយោបល់ និងបានជាអនុសាសន៍ រួមវិភាគទានដ៏មានតម្លៃ សម្រាប់ជាប្រយោជន៍ ទៅដល់ស្ថាបត្យករ ខ្មែរឱ្យមានទេពកោសល្យ ការច្នៃប្រឌិតខ្ពស់មានទេព កោសល្យខាងការផ្សែផ្សំធ្វើសំយោគពីសិល្បៈបរទេស និងសិល្បៈខ្មែរជំនាន់មុនៗ ដើម្បីបង្កើតចេញនូវសិល្បៈថ្មីមួយ ដែលមានទម្រង់ជាសិល្បៈខ្មែរ ជាប្រទីបបំភ្លឺផ្លូវសង្គមកម្ពុជា ឱ្យមានការអភិវឌ្ឍឥតឈប់ឈរ ប្រកបដោយវឌ្ឍនភាពរីកចម្រើន និងសេចក្ដីរុងរឿងជានិរន្តរ៍៕