ស្ពាន​ឫស្សី​ដ៏​ល្បីល្បាញ​នៅ​ក្រុង​កំពង់ចាម​ នឹង​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​នៅ​ពាក់កណ្តាល​ខែធ្នូ​នេះ​

0

ដោយ​ : វុត្ថា

​ភ្នំពេញ​ ៖ ស្ពាន​ឫស្សី​កោះ​ប៉ែន​ដែល​ជា​ស្ពាន​វែង​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​ ស្ថិតនៅ​ឃុំ​កោះមិត្ត​ ស្រុក​ កំពង់សៀម​នៃ​ខេត្ត​កំពង់ចាម​ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ឡើងវិញ​នៅ​ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ ខណៈ​ស្ពាន​នេះ​ ត្រូវ​បាន​ក្រុម​ជាង​សាងសង់​យ៉ាង​មមាញឹក​។

លោក​ ប៊ុ​ន ដារ៉ា​ ម្ចាស់​ស្ពាន​ឫស្សី​នេះ​ និង​ប្រធាន​សហគមន៍​រមណីយដ្ឋាន​ឆ្នេរខ្សាច់​កោះ​ប៉ែន​បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី២​ ខែធ្នូ​នេះ​ថា​ ការ​កសាង​ស្ពាន​ឫស្សី​ឡើងវិញ​នេះ​ មានការ​ជួប​ការ​លំបាក​ខ្លះ​ ដោយសារតែ​ឆ្នាំនេះ​ ជួប​បញ្ហា​ទឹកឡើង​លឿន​ និង​ស្រក​ទៅវិញ​ក៏​លឿន​ផង​ដែរ​។

លោក​បន្ត​ថា​ ក្រោយពី​បញ្ចប់​ការសាងសង់​ស្ពាន​ឫស្សី​នេះ​ អនុញ្ញាត​ឱ្យ​តែ​អ្នកទេសចរ​ជិះកង់​ ឬថ្មើរជើង​ប៉ុណ្ណោះ​ លើកលែងតែ​ម៉ូតូ​សមត្ថកិច្ច​ ទើប​អាច​ជិះ​បាន​នូវ​ពេល​ដែល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​នូវ​ជុំវិញ​បរិវេណ​ស្ពាន​កោះ​ប៉ែន​នេះ​។


លោក​ថ្លែង​ថា​ “ខ្ញុំ​សូម​ជំរាប​ជូន​ថា​ ការសាងសង់​ស្ពាន​ឫស្សី​នៅក្នុង​ឆ្នាំនេះ​ មាន​ប្រវែង៧០០ម៉ែត្រ​មាន​លក្ខណៈ​ប្រវែង​ខុសគ្នា​កាលពី​ឆ្នាំ​ពោល​ខ្លី​ជាង​ ៦០​ ទៅ​ ១០០​ ម៉ែត្រ​ ដោយសារតែ​ទឹក​នៅក្នុង​ឆ្នាំនេះ​ មានការ​ស្រក​លឿន​” ។

លោក​ ប៊ុ​ន ដារ៉ា​ បន្ត​ថា​ ការដែល​ខាង​លោក​បាន​ខិតខំ​ប្រឹងប្រែង​បង្កើត​ឱ្យ​មាន​ស្ពាន​ប្រដឹស​ឫស្សី​ឡើងវិញ​នេះ​ដោយសារតែ​មាន​ប្រជាពលរដ្ឋ​ពោល​គឺ​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម​គ្រប់​ជំនាន់​ អនុញ្ញាត​ ឲ្យ​សាងសង់​ស្ពាន​ឫស្សី​ដែល​ជា​និមិត្ត​ឆ្នេរខ្សាច់​កោះ​ប៉ែន​។

លោក​ប្រធាន​សហគមន៍​បាន​បន្ថែម​ថា​ ជា​រៀងរាល់​ឆ្នាំ​ ស្ពាន​សង់​ពីដើម​ឫស្សី​ដែល​ប្រជាពលរដ្ឋ​បាន​ចាត់ទុកជា​និមិត្តរូប​ប្រចាំ​រមណីយដ្ឋាន​ឆ្នេរខ្សាច់​កោះ​ប៉ែន​នោះ​ បាន​សាងសង់​ក្នុងរង្វង់​ខែវិច្ឆិកា​មុន​នេះ​ប្រហែល​ជាង១ខែ​។ ប៉ុន្តែ​ឆ្នាំនេះ​គឺ​បាន​ប្រទះ​បញ្ហា​អាកាសធាតុ​ ដោយ​ទឹកទន្លេ​មេគង្គ​នៅ​កម្រិតខ្ពស់​ ហើយ​ស្រក​គោក​បាន​លេចចេញ​ឆ្នេរខ្សាច់​តែ​បន្តិច​ ពិសេស​នៅចន្លោះ​កំពុង​សាងសង់​នេះ​ទឹកបាន​ឡើង​ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ការសាងសង់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here