អាជ្ញាធរ​ខេត្តសៀមរាប​នឹង​ជ្រើសរើស​យក​ភូមិ​ព្រះដាក់​ ជា​ភូមិ​ទី១​ សម្រាប់​ការសាកល្បង​នៃ​យុទ្ធនាការ​ «ផ្ទះ​មួយ​ អំពូល​មួយ​»

0

ដោយ​ វុត្ថា

​សៀមរាប​៖ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ហ្វេ​សប៊ុ​ក ផ្លូវការ​របស់​លោក​ ឃឹម​ ហ្វី​ណង់​ អភិបាលស្រុក​បន្ទាយស្រី​ បាន​បញ្ជាក់​ថា​ យោង​ទៅលើ​កត្តា​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ​ ប្រជាសាស្ត្រ​ និង​ដើម្បី​ជំរុញ​គម្រោង​សាកល្បង​មានសន្ទុះ​លឿន​ រដ្ឋបាល​ស្រុក​បន្ទាយស្រី​ បានសម្រេច​ជ្រើសរើស​យក​ភូមិ​ព្រះដាក់​ ជា​ភូមិ​ទី១​ សម្រាប់​ការសាកល្បង​នៃ​យុទ្ធនាការ​ ផ្ទះ​មួយ​ អំពូល​មួយ​។

យុទ្ធនាការ​ ផ្ទះ​មួយ​ អំពូល​មួយ​ គឺត្រូវធ្វើ​ការ​ដាក់​បំពាក់​អំពូល​សូ​ឡា​ប្រើប្រាស់​ដោយ​ពន្លឺ​ព្រះអាទិត្យ​ចំនួន ៥១៤ឈុត​ នៅ​តាម​ផ្ទះ​ទាំង ៥១៤ខ្នង​ នៅក្នុង​ភូមិ​ព្រះដាក់​ទាំងមូល​ ក្រោម​ការឧបត្ថម្ភ​ទាំងស្រុង​ពី​សប្បុរសជន​ដំបូង​ ដែល​គាំទ្រ​និង​ឲ្យ​តម្លៃ​ទៅលើ​យុទ្ធនាការ​នេះ​។

លោក​ ឃឹម​ ហ្វី​ណង់​ បញ្ជាក់​ទៀត​ថា​ នា​ព្រឹក​ថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខនេះ​ រដ្ឋបាល​ស្រុក​ នឹង​រៀបចំ​ពិធី​ប្រកាស​ភូមិ​ដំបូង​ នៃ​ដំណើរការ​សាកល្បង​យុទ្ធនាការ​ ផ្ទះ​មួយ​ អំពូល​មួយ​ ដោយមាន​ការចូលរួម​ពី​តំណាង​នៃ​គ្រួសារ​និ​មួយ​ៗ ទាំង៥១៤គ្រួ​ការ​នៅក្នុង​ភូមិ​ព្រះដាក់​ រួម​ទាំង​តំណាង​សប្បុរសជន​ផង​ដែរ។​

ពិធី​នេះ​ គ្រោង​នឹង​រៀបចំ​ប្រារព្ធ​ឡើង​ នៅក្នុង​បរិវេណ​វត្ត​ព្រះដាក់​ស្ថិត​ក្នុង​ភូមិ​ព្រះដាក់​ ឃុំ​ព្រះដាក់​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ ។

លោក​ ឃឹម​ ហ្វី​ណង់​ បញ្ជាក់​បន្ថែម​ទៀត​ថា​ ដោយ​គម្រោង​នេះ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​សាកល្បង​ និង​ដើម្បី​ជំរុញ​ឲ្យបាន​ដំណើរការ​លឿន​ ការរៀបចំ​ជា​ថវិកាបដិភាគ​ ដូច​បាន​លើក​ជា​យោបល់​ពីសា​ធា​រណៈ​ជន​ មាន​លក្ខណៈ​ស្មុគស្មាញ​ និង​ប្រើ​ពេល​យូរ​ តែ​ក្រុមការងារ​ជឿជាក់​ថា​ វា​នៅតែ​ជា​រូបមន្ត​ដ៏​សំខាន់​ដើម្បី​ធានា​ការចូលរួម​ភាពជា​ម្ចាស់​ និង​ការសម្រេច​បាន១០០ភាគរយ​នៃ​យុទ្ធនាការ​នេះ​ ខណៈ​ដែល​ក្រុមការងារ​ នឹង​ពិចារណា​រូបមន្ត​បដិភាគ​នៅ​ដំណាក់​កា​លក្រោយៗ​ទៀត​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here