ភ្នំពេញៈ បើយើងនិយាយអំពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ យើងតែងតែនិយាយផ្តោតលើបឹង ទន្លេ អាគារ របស់សាធារណៈរបស់ រដ្ឋជាដើម និងអាគាររបស់រដ្ឋាភិបាល ដូច-ជា មន្ទីពេទ្យបង្អែក គ្រឹះស្ថានមូយចំនូន ដូចជា អាគារក្រសួងរបស់រដ្ឋាភិបាលជាដើម។
បើយោងតាមមាត្រាទី១៤ នៃច្បាប់ភូមិបាល របស់ព្រះរាជាណាចក្រកម្ពុជា បានចែងថា សម្បត្តិដែលត្រូវបានរាប់ចូលទៅ ក្នុងសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈមានដូចតទៅ៖
• ទ្រព្យទាំងឡាយ ដែលបង្ហាញនូវការការកើតឡើងពីធម្មជាតិដូចជា ព្រៃឈើ ផ្លូវទឹកដែលនាវា ឬក្បូនចេញចូលបាន បណ្តែតបាន បឹងធម្មជាតិ ច្រាំងទន្លេ ដែលនាវា ឬក្បូនចេញចូលបាន បណ្តែតបាននិងត្រើយសមុទ្រ
• ទ្រព្យទាំងឡាយដែលជាកម្មវត្ថុ នៃការរៀបចំពិសេសសម្រាប់ប្រយោជន៍ទូទៅដូចជា តីរឋាន កំពង់ផែ ផ្លូវដែក ស្ថានីយរថភ្លើង និងព្រលានយន្តហោះ។
• ទ្រព្យទាំងឡាយដែលត្រូវបានដាក់ឲ្យប្រើប្រាស់ ជាសាធារណៈតាមស្ថានភាពពីកំណើត ឬក្រោយពីបានរៀបចំដូចជា ផ្លូវថ្នល់ ផ្លូវលំ ផ្លូវរទេះ ផ្លូវដើរ សួនច្បារ និង ឧទ្យានសាធារណៈ និងដីចំណី
• ទ្រព្យទាំងឡាយដែលត្រូវបានដាក់ឲ្យដំណើរការ សម្រាប់សេវាសាធារណៈដូចជា សាលារៀន ឬអាគាររដ្ឋបាល មន្ទីរពេទ្យសាធារណៈទាំងឡាយ។
• ទ្រព្យទាំងឡាយដែលបង្កើតជាដែនបំរុងធម្មជាតិការពារដោយច្បាប់
• បេតិកភណ្ឌបុរាណវិទ្យា វប្បធម៌និងប្រវត្តិសាស្រ្ត
• អចលនវត្ថុជាព្រះរាជទ្រព្យ ដែលមិនមែនជាទ្រព្យសម្បត្តិឯកជន របស់ព្រះរាជវង្សានុវង្ស។ អចលនវត្ថុជាព្រះរាជទ្រព្យត្រូវបានចាត់ចែងដោយព្រះមហាក្សត្រ កំពុងគ្រងរាជ្យ។
ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចលក់ដូរបានឡើយហើយ កម្មសិទ្ធិនៃទ្រព្យទាំងនោះមិនអាចកំណត់អាជ្ញាយុកាលបានទេ។
ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចស្ថិតនៅក្រោមការកាន់កាប់ ដោយលទ្ធកម្មពិសេសនៃជំពូកទី៤ នៃច្បាប់នេះបានទេ។ ប៉ុន្តែទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋអាចជាកម្មវត្ថុ នៃការអនុញ្ញាតឲ្យកាន់កាប់ ឬប្រើប្រាស់ជាបណ្តោះអាសន្ន មិនទៀង ហើយអាចដកហូតវិញបាន បើមិនបានបំពេញកាតព្វកិច្ចបង់ពន្ធផ្សេងៗ លើកលែងតែបានអនុញ្ញាតតាមជំពូកទី៣ នៃច្បាប់នេះ។ ការអនុញ្ញាតទាំងនេះ មិនអាចប្រែក្លាយទៅជាកម្មសិទ្ធិ ឬជាសិទ្ធិភណ្ឌិកជាប្រយោជន៍ ដល់អ្នកកាន់កាប់ទ្រព្យទាំងនោះបានឡើយ។
ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅពេលបាត់បង់ផលប្រយោជន៍សាធារណៈ អាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជន របស់រដ្ឋតាមរយៈច្បាប់អនុប្បយោគ៕