ចំណេះដឹងច្បាប់! តើអ្វីខ្លះទៅជាសម្បត្តិសាធារណៈរបស់រដ្ឋ?

0

ភ្នំ​ពេញៈ​ ​បើ​យើង​និយាយ​អំពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ​យើង​តែងតែ​និយាយ​ផ្តោត​លើ​បឹង​ ​ទន្លេ​ ​អាគារ​ ​របស់សាធារណៈ​របស់​ ​រដ្ឋ​ជាដើម​ ​និង​អាគារ​របស់​រដ្ឋាភិបាល​ ​ដូច​-​ជា​ ​មន្ទី​ពេទ្យ​បង្អែក​ ​គ្រឹះ​ស្ថាន​មូយ​ចំ​នូន​ ​ដូចជា​ ​អាគារ​ក្រសួង​របស់​រដ្ឋាភិបាល​ជាដើម​។​ ​
​បើ​យោង​តាម​មាត្រា​ទី១៤​ ​នៃ​ច្បាប់​ភូមិបាល​ ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ចែងថា​ ​សម្បត្តិ​ដែល​ត្រូវ​បាន​រាប់​ចូល​ទៅ​ ​ក្នុង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ​និង​របស់​នីតិបុគ្គល​សាធារណៈ​មាន​ដូចតទៅ​៖​
​•​ ​ទ្រព្យ​ទាំងឡាយ​ ​ដែល​បង្ហាញ​នូវ​ការ​ការ​កើតឡើង​ពី​ធម្មជាតិ​ដូចជា​ ​ព្រៃឈើ​ ​ផ្លូវទឹក​ដែល​នាវា​ ​ឬ​ក្បូន​ចេញចូល​បាន​ ​បណ្តែត​បាន​ ​បឹង​ធម្មជាតិ​ ​ច្រាំងទន្លេ​ ​ដែល​នាវា​ ​ឬ​ក្បូន​ចេញចូល​បាន​ ​បណ្តែត​បាន​និង​ត្រើយ​សមុទ្រ​
​•​ ​ទ្រព្យ​ទាំងឡាយ​ដែល​ជា​កម្មវត្ថុ​ ​នៃ​ការរៀបចំ​ពិសេស​សម្រាប់​ប្រយោជន៍​ទូទៅ​ដូចជា​ ​តីរ​ឋាន​ ​កំពង់ផែ​ ​ផ្លូវដែក​ ​ស្ថានីយ​រថភ្លើង​ ​និង​ព្រលា​នយន្​ត​ហោះ​។​
​•​ ​ទ្រព្យ​ទាំងឡាយ​ដែល​ត្រូវ​បាន​ដាក់ឲ្យ​ប្រើប្រាស់​ ​ជា​សាធារណៈ​តាម​ស្ថានភាព​ពី​កំណើត​ ​ឬ​ក្រោយពី​បាន​រៀបចំ​ដូចជា​ ​ផ្លូវថ្នល់​ ​ផ្លូវលំ​ ​ផ្លូវ​រទេះ​ ​ផ្លូវ​ដើរ​ ​សួនច្បារ​ ​និង​ ​ឧទ្យាន​សាធារណៈ​ ​និង​ដី​ចំណី​
​•​ ​ទ្រព្យ​ទាំងឡាយ​ដែល​ត្រូវ​បាន​ដាក់ឲ្យ​ដំណើរការ​ ​សម្រាប់​សេវា​សាធារណៈ​ដូចជា​ ​សាលារៀន​ ​ឬ​អាគារ​រដ្ឋបាល​ ​មន្ទីរពេទ្យ​សាធារណៈ​ទាំងឡាយ​។​
​•​ ​ទ្រព្យ​ទាំងឡាយ​ដែល​បង្កើត​ជា​ដែន​បំរុង​ធម្មជាតិ​ការពារ​ដោយ​ច្បាប់​
​•​ ​បេតិកភណ្ឌ​បុរាណវិទ្យា​ ​វប្បធម៌​និង​ប្រវត្តិ​សាស្រ្ត​
​•​ ​អចលនវត្ថុ​ជា​ព្រះរាជទ្រព្យ​ ​ដែល​មិនមែន​ជា​ទ្រព្យសម្បត្តិ​ឯកជន​ ​របស់​ព្រះរាជវង្សានុវង្ស​។​ ​អចលនវត្ថុ​ជា​ព្រះរាជទ្រព្យ​ត្រូវ​បាន​ចាត់ចែង​ដោយ​ព្រះមហាក្សត្រ​ ​កំពុង​គ្រងរាជ្យ​។​
​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ​មិន​អាច​លក់ដូរ​បាន​ឡើយ​ហើយ​ ​កម្មសិទ្ធិ​នៃ​ទ្រព្យ​ទាំងនោះ​មិន​អាច​កំណត់​អាជ្ញាយុកាល​បានទេ​។​ ​
​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ​មិន​អាច​ស្ថិតនៅ​ក្រោម​ការ​កាន់កាប់​ ​ដោយ​លទ្ធកម្ម​ពិសេស​នៃ​ជំពូក​ទី៤​ ​នៃ​ច្បាប់​នេះ​បានទេ​។​ ​ប៉ុន្តែ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​អាច​ជា​កម្មវត្ថុ​ ​នៃ​ការអនុញ្ញាត​ឲ្យ​កាន់កាប់​ ​ឬ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ ​មិន​ទៀង​ ​ហើយ​អាច​ដកហូត​វិញ​បាន​ ​បើ​មិនបាន​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ផ្សេង​ៗ​ ​លើកលែងតែ​បាន​អនុញ្ញាត​តាម​ជំពូក​ទី៣​ ​នៃ​ច្បាប់​នេះ​។​ ​ការអនុញ្ញាត​ទាំងនេះ​ ​មិន​អាច​ប្រែក្លាយ​ទៅជា​កម្មសិទ្ធិ​ ​ឬ​ជា​សិទ្ធិ​ភណ្ឌិ​កជា​ប្រយោជន៍​ ​ដល់​អ្នកកាន់កាប់​ទ្រព្យ​ទាំងនោះ​បាន​ឡើយ​។​
​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ​នៅពេល​បាត់បង់​ផលប្រយោជន៍​សាធារណៈ​ ​អាច​ត្រូវ​ចាត់​បញ្ចូល​ជា​ទ្រព្យសម្បត្តិ​ឯកជន​ ​របស់​រដ្ឋ​តាមរយៈ​ច្បាប់​អនុប្បយោគ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here