ដោយ ៖ វុត្ថា
ភ្នំពេញ៖ ខេត្តសៀមរាបរបស់ប្រទេសកម្ពុជា និងខេត្តអូសាការបស់ជប៉ុន បានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការត្រូវបានធ្វើឡើងនៅថ្ងៃទី ២១ ខែមករា ម្សិលមិញនេះ នៅក្នុងឱកាសដែលលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូរដ្ឋបាលខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋបាលខេត្តអូសាកា ដឹកនាំដោយលោក Yoshimura Hirofumi អភិបាលខេត្តអូសាកា។
បើតាមការលើកឡើងរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ឱ្យដឹងថា កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ កម្ពុជា-ជប៉ុន និងជម្រុញការផ្សព្វផ្សាយវិស័យទេសចរណ៍ រវាងខេត្តសៀមរាប និងខេត្តអូសាកា ប្រទេសជប៉ុន។ អូសាកាគឺជាខេត្តមួយរបស់ជប៉ុន ដែលមានភាពលេចធ្លោខាងផ្នែកបច្ចេកវិទ្យា និងដំណាំកសិ-ឧស្សហកម្ម ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីកន្លងមកនេះ បានជំរុញឱ្យប្រទេសជប៉ុនបង្កើនជើងហោះហើរពីទីក្រុងនានា និងខេត្តដើម្បីហោះត្រង់មកភ្នំពេញនិងខេត្តសៀមរាប។ លោកថា ទេសចរជប៉ុននៅតែជាប្រភពទីផ្សារមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍សម្រាប់កម្ពុជា តួយ៉ាងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរជប៉ុនបានឈរនៅលំដាប់លេខ៧ ក្នុងចំណោមទីផ្សារសំខាន់ៗ ទាំង១០របស់កម្ពុជា។
នៅរយៈពេល៩ខែ នៃឆ្នាំ២០១៩នេះ ទេសចរបរទេសមកទស្សនាកម្ពុជាជាង ៤.៨លាននាក់ កើនឡើង ១០% ក្នុងនោះទេសចរជប៉ុនមានជិត ១៥ម៉ឺននាក់ កើន២.៨% ធៀបនឹងឆ្នាំ២០១៨។ ឆ្នាំ២០១៨ កម្ពុជាទេសចរជប៉ុនចូលមកកម្ពុជាមានជាង ២១ម៉ឺននាក់ គឺកើនឡើង ៣.៥% ក្នុងចំណោមទេសចរបរទេសសរុបជាង ៦លាននាក់។ ដោយឡែក នៅឆ្នាំ២០១៨នោះ ក៏មានទេសចរកម្ពុជាប្រមាណ ២ម៉ឺននាក់ បានទៅទស្សនាប្រទេសជប៉ុនផងដែរ។
បច្ចុប្បន្នជើងហោះហើរត្រង់របស់ជប៉ុនហោះពីទីក្រុងតូក្យូ ទៅភ្នំពេញ ពីភ្នំពេញទៅតូត្យូ របស់ក្រុមហ៊ុន អល នីបប៉ុន អ៊ែរវ៉េ (All Nippon Airways ) កំពុងដំណើរការយ៉ាងជោគជ័យ៕