ដោយ វុត្ថា
ភ្នំពេញ៖ លោក Mikami MASSAHIRO ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសម្ថភាព របស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យានឹងបន្តពង្រឹងកិច្ចប្រតិបត្តិការលើគម្រោងផ្សេងៗទៀត ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធនាំផ្លូវហោះហើរ ការពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរស៊ីវិលបន្តទៀតនាពេលអនាគត់។
លោក Mikami MASSAHIRO ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសម្ថភាព របស់ប្រទេសជប៉ុននៅកម្ពុជា បានលើកឡើងបែបនេះនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ ជាមួយលោក នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរស៊ីវិលនាពេលអនាគតខាងមុខ។
លោក Mikami MASSAHIRO បានធ្វើការកោតសសើរនូវការរីកចម្រើនជាលំដាប់របស់វិស័យអាកាសចរស៊ីវិលនៅកម្ពុជា។
លោកនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុនដែលជួយបណ្តុះបណ្តាលធនធានមនុស្សជំនាញអាកាសចរស៊ីវិល និងគម្រោង New CNS/ATM ដែលធ្វើឱ្យការគ្រប់គ្រង និងនាំផ្លូវហោះហើរកាន់តែមានសុវត្ថិភាពដូចបណ្តាប្រទេសជឿនលឿននានានៅលើពិភពលោក៕