ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងសិក្សាស្វែងរុករករ៉ែលោហៈទ្រង់ទ្រាយធំ នៅលើផ្ទៃដីទំហំប្រមាណ ១៣ ៦១៨ ហិកតា នៃតំបន់ព្រៃឡង់ ត្រូវបានរដ្ឋាភិបាលសម្រេចគាំទ្រទាំងស្រុក បន្ទាប់ពីឆ្លង់កាត់កិច្ចប្រជុំអន្តរក្រសួងពាក់ព័ន្ធ និងតំណាងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ទៅលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមរួចរាល់កាលល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ។
នៅទីស្តីការក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈទ្រង់ទ្រាយធំ ដែលស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ នៃតំបន់ព្រៃឡង់។
គម្រោងសិក្សាស្វែងរករុករ៉ែលោហៈនៃ ស្ថិតនៅលើផ្ទៃដីទំហំ ១៣.៦១៨ ហិកតា តំបន់អន្លង់ជ្រៃ នៃដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្តឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង របស់ក្រុមហ៊ុន NITTETSU MINING (CAMBODIA) Ltd. (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍ ដោយក្រុមហ៊ុនទីប្រឹក្សា E&A Consultant Co., Ltd.។
ជារួម កិច្ចប្រជុំបានសម្រេចគាំទ្រគម្រោងសិក្សាស្វែងរុករករ៉ែលោហៈនេះ
ដោយតម្រូវឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានលម្អិតទាក់ទង់ការសិក្សាត្រួតលើដែនជម្រកសត្វព្រៃ «ព្រៃឡង់» សហគមន៍តំបន់ការពារធម្មជាតិ «គិរីសុខសាន្ត» សហគមន៍តំបន់ការពារធម្មជាតិ «អន្លង់ជ្រៃ» និងរបៀងអភិរក្សជីវៈចម្រុះឦសាន ព្រមទាំងធ្វើការសិក្សាពីលទ្ធភាពដើម្បីកាត់ចេញតំបន់ការពារទាំងនោះ។
បន្ថែមពីនេះ ក្រុមហ៊ុន ត្រូវសិក្សាការប៉ះពាល់ជាមួយប្រជាពលរដ្ឋឱ្យបានលម្អិតដែលកើតមាន ឡើងពីសកម្មភាពគម្រោង ព្រមទាំងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន មុននឹងអនុវត្តគម្រោង។ អ្វីដែលសំខាន់ ក្រុមហ៊ុនត្រូវប្រជុំលម្អិត ជាមួយអគ្គនាយកដ្ឋានការពារ និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា ដែលអាចពាក់ព័ន្ធ នឹងការប៉ះពាល់ទៅលើតំបន់អភិរក្ស និងគម្រោងលក់ការបូន (REED+) ដែលកំពង់សិក្សានៅតំបន់នោះ។
កិច្ចប្រជុំទាំងមូលក៏បានតម្រូវឱ្យក្រុមហ៊ុនធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់ប្រជាពលរដ្ឋ អាជ្ញាធរមូនដ្ឋាន និងក្រសួង/ស្ថាប័នពាក់ព័ន្ធឱ្យបានត្រឹមត្រូវមុននឹងអនុវត្តគម្រោង ត្រូវធ្វើការគ្រប់គ្រងសំណល់រឹង-រាវ ជាពិសេសសំណល់ប្រេង ដែលកើតឡើងដោយសារសកម្មភាពគម្រោងឱ្យបានត្រឹមត្រូវចៀសវាងបង្កឱ្យមានការប៉ះពាល់ដល់សុខភាពសាធារណៈ ប្រភពទឹក និងជីវៈចម្រុះទាំងលើគោក និងក្នុងទឹក។ បន្ថែមពីនេះ ក្រុមហ៊ុនត្រូវធ្វើការស្តារបរិស្ថានឡើងវិញឱ្យបានត្រឹមត្រូវ ដែលប៉ះពាល់ដោយសារកម្មភាពគម្រោង និងត្រូវរង់ចាំរហូតដល់មានការសម្រេចពីក្រសួងបរិស្ថានជាមុនសិន មុននឹងធ្វើការសិក្សាស្វែងរុករករ៉ែលោហៈ ដោយម្ចាស់គម្រោង ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីបញ្ចូលនូវការសម្រេច ដែលអង្គប្រជុំបានលើកឡើងនូវចំណុចវិជ្ជមានទៅក្នុងរបាយការណ៍ IESIA ឱ្យបានត្រឹមត្រូវ ៕