ផលចំណេញត្រឡប់ពីការវិនិយោគលើអចលនទ្រព្យនៅកម្ពុជានៅតែអាច ទទួលបានរង្វង់៧ភាគរយនៅឆ្នាំ២០២០

0

ដោយ ប៊ី

ភ្នំពេញៈ ផលចំណេញត្រឡប់មកវិញពីការវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នឹងនៅតែអាចទទួលបានជាមធ្យមរង្វង់៧ភាគរយនៅឆ្នាំ២០២០ បើទោះបីវិស័យនេះផលប៉ះពាល់ខ្លះនៅឆ្នាំនេះក៏ដោយ។ នេះបើយោងតាមលើកឡើងរបស់អ្នកជំនាញអចលនទ្រព្យនៅកម្ពុជា។

លោកស្រី អាន សុធីតា អគ្គនាយិកាប្រចាំ CBRE Cambodia បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែអាចទទួលបានផលចំណេញត្រឡប់មកវិញ ជាមធ្យមរង្វង់៧ភាគរយ ក្នុងមួយឆ្នាំ បើទោះបីវិស័យនេះផលប៉ះពាល់ខ្លះនៅឆ្នាំ២០២០នេះក៏ដោយ។

លោកស្រីបានថ្លែងថា“នៅក្នុងបណ្តាប្រទេសផ្សេងៗនៅតំបន់អាស៊ី បច្ចុប្បន្នវាកា​ន់​តែមានភាពប្រកួតប្រជែង ទីផ្សារស្រុកខ្មែរជាទីផ្សារថ្មី ដែលមានឱកាសក្នុងការវិនិយោគច្រើន។ បើទោះបីជាមានផលប៉ះពាល់ខ្លះនៅឆ្នាំនេះ បើប្រៀបធៀបនឹងប្រទេសផ្សេងៗ កម្ពុជានៅតែល្អជាងគេ”។

លោកបានលើកឡើងថា កត្តានេះហើយបានជាប្រទេសយើង ជាធម្យមផលចំណេ​ញត្រឡប់មកវិញ៧ភាគរយ បើប្រទេសផ្សេងៗ ដូចជាសឹង្ហបូរី។ ឧទាហរណ៍ ដូចជាការវិនិយោគលើឧស្សាហកម្ម ដូចជារោងចក្រអាចទទួលបានផលចំណេញត្រលប់ខ្ពស់ជាងនេះ ហើយវាអាចចូលទៅដល់៩ភាគរយ ផលចំណេញត្រឡប់ពីវិស័យខុនដូអាចទទួ​លបាន៦ភាគរយ។

លោកស្រីអាន សុធីតាបានបន្តថា បើសិនជាវិនិយោគលើអាគារការិយាល័យសម្រាប់ជួល ផលចំណេញត្រឡប់មកវិញអាចទទួលបាន៧.៥ភាគរយ។ បើផ្សារទំនើបអាចទទួលបាន៧ ទៅ៨ភាគរយ វានៅអាចរក្សានៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។

បើទោះជាបីជាស្ថិតក្នុងស្ថានការណ៍ ដែលប្រឈមទៅនឹងឱនភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ ដែលបណ្តាលមកពីបញ្ហាវិបត្តិសាកលជាច្រើននោះ មន្រ្តីជាន់ខ្ពស់ក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ទល់ជាមួយនឹងស្ថានភាពអាក្រក់ណាមួយដែលអាចនឹងកើតមានឡើង។

រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុត បានមានប្រសាសន៍ ក្នុងវេទិកាសាធារណៈកាលពីចុងខែមុនថា នៅក្នុងឆ្នាំ២០២០នេះ ស្ទើរតែគ្រប់បណ្តាប្រទេសទាំងអស់ នៅលើសាកលលោក សុទ្ធតែប្រឈមទៅនឹងបញ្ហាឱនភាពនៃវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីកត្តាជាច្រើនដែលកំពុងតែកើមាន ជាពិសេសបញ្ហា៤ធំៗ រួមមានទំនាស់នៃសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាសចសេដ្ឋកិច្ចទាំង២ អាមេរិក–ចិន កត្តាភូមិសាស្ត្រនយោបាយ បញ្ហានៃភាពមិនច្បាស់លាស់ នៃវិបត្តិ មជ្ឈឹមបូព៌ា រួមជាមួយនឹងបញ្ហាកត្តាធម្មជាតិដែលកំពុងតែកើតមាន ជាពិសេសភាពប្រឈមនឹងកូរ៉ូណាវីរុស។

លោកបន្តថា “ទោះជាស្ថិតនៅក្នុងស្ថានការណ៍បែបណា រាជរដ្ឋាភិបាលក៏បានត្រៀ​មខ្លួន ជាមួយនឹងផែនការបម្រុងរួចជាស្រេច ក្នុងការទប់ទល់ទៅនឹងស្ថានការណ៍អវិជ្ជមានណាមួយដែលអាចនឹងកើតឡើង ហើយបើវាមិនកើតឡើងទេ ក៏នឹងក្លាយជាយុទ្ធសាស្ត្រថ្មីមួយទៀតសម្រាប់អនុវត្តដើម្បីរក្សាលំនឹងសេដ្ឋកិច្ចឱ្យកាន់តែល្អ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here