អ្នកជំនាញអះអាងថា ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរខណៈសេដ្ឋកិច្ច នៅតែមានកំនើន

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា វិស័យលំនៅដ្ឋាននៅតតែមានភាពល្អប្រសើរ ដោយសារតម្រូវការបន្តកើនឡើង និងកំនើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងមានស្ថេរភាព។

កំណើននៃការសាងសង់ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានស្ទើរគ្រប់តំបន់ ជាពិសេសនៅតាមបណ្តាជាយក្រុង គេកត់សម្គាល់ឃើញថាមានការកើនឡើងខ្ពស់ ដែលស្របទៅនឹងតម្រូវការនៃការស្នាក់នៅកម្មសិទ្ធិ ដែលកំពុងតែស្ថិតនៅក្នុងអត្រាខ្ពស់នៅឡើយ។

ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ KING Residence លោក ខុម មុនីរតន៍ បានលើកឡើងថា មិនថាស្ថិតនៅក្នុងកាលទេសៈណានោះទេ តម្រូវការលំនៅដ្ឋានសម្រាប់ស្នាក់នៅជាកម្មសិទ្ធិផ្ទាល់ខ្លួននៅតែបន្តមានជានិច្ច។

លោកបានបន្តថា “ជាធម្មតាមនុស្សក្រោយពេលពេញវ័យ បង្កើតបានជាគ្រួសារថ្មីតែងប្រាថ្នាចង់បានលំនៅដ្ឋានផ្ទាល់ខ្លួន ហើយតម្រូវការនឹងតែរក្សារហូតដល់មនុស្សស្ទើរគ្រប់ជំនាន់ក្រោយទៀត”។

លោក ខុម មុនីរតន៍ បានបន្តថា ជាទូទៅតម្រូវការលនៅដ្ឋានសម្រាប់ស្នាក់នៅ ភាគច្រើន ជាប្រភេទលំនៅដ្ឋានដែលមានតម្លៃមធ្យម និងក្រោមមធ្យម ដែលអាចមានតម្លៃត្រឹម៧ម៉ឺនចុះក្រោមតែប៉ុណ្ណោះ ដោយសារតែអត្រានៃចំនួនប្រជាពលរដ្ឋកម្ពុជា ដែលអាចមានលទ្ធភាព ក្នុងការរកចំណូលកម្រិតមធ្យមចាប់ពី៤០០ ទៅ៨០០ដុល្លារក្នុងខែ ឬលើសពីនេះតិចតួច ហាក់មានកម្រិតនៅឡើយ។

លោកបានបន្តទៀតថា “និន្នាការក្នុងការទិញលំនៅដ្ឋាន សម្រាប់ស្នាក់នៅកម្មសិទ្ធិបច្ចុប្បន្ននេះ គឺក្នុងរូបភាពទិញដោយការបង់រំលោះជាប្រចាំខែ ជាមួយធនាគារទៅលើលំនៅដ្ឋាន ដែលមានតម្លៃត្រឹម៥ម៉ឺនដុល្លារចុះក្រោម ក្នុងរយៈពេលជាង១០ ទៅ១៥ឆ្នាំ ហើយតម្លៃថ្លៃជាងនេះ គឺអាចលើសពីលទ្ធភាពរបស់ពួកគាត់”។

លោកឧកញ៉ា តេង រិទ្ធី អគ្គនាយក្រុមហ៊ុន R Investment Group បានទទួលស្គាល់ថា តម្រូវការលំនៅដ្ឋាននៅកម្ពុជាពិតជាមានកំណើនខ្ពស់ ខណៈដែលការផ្គត់ផ្គង់ហាក់នៅមានកម្រិត។ លោកបានមានប្រសាសន៍ថា លំនៅដ្ឋានដែលកំពុងមានទីផ្សារទូលាយពេលនេះ គឺជាលំនៅដ្ឋានកម្រិតមធ្យម ក្នុងតម្លៃមិនលើសពី៧ម៉ឺន។

លោកបានបញ្ជាក់ថា “តម្លៃផ្ទះថ្លៃ ឬថោក គឺអាស្រ័យទៅតាមប្រភេទសំណង់ និងទីតាំងអភិវឌ្ឍន៍ ហើយភាគច្រើនផ្ទះដែលមានតម្លៃសមរម្យ និងក្រោមមធ្យម ត្រូវបានអ្នកអភិវឌ្ឍន៍ធ្វើតម្រូវទៅតាមតំបន់ស្រប ទៅនឹងកម្រិតជីវភាពរបស់ប្រជាជន ដែលមានតម្រូវការ”។

លោកឧកញ៉ាបន្តទៀតថា សម្រាប់ផ្ទះដែលមានតម្លៃ ចាប់ពីជាង១០ម៉ឺនឡើងទៅរហូតដល់៣០ម៉ឺន ក៏មានតម្រូវការដូចគ្នា ប៉ុន្តែសម្រាប់ប្រភេទអតិថិជនដែលមានចំណូលខ្ពស់ និងស្ថិតនៅក្នុទីតាំងល្អក្បែរក្រុង និងជាទីប្រជុំជន ងាយអាស្រ័យផលពីការធ្វើអាជីវកម្ម ហើយផ្ទះប្រភេទនេះច្រើន ត្រូវបានគេសាងសង់ជាប្រភេទShop House។

លោកបានបញ្ជាក់ថា “បច្ចុប្បន្ននេះសម្រាប់លំនៅដ្ឋាន ដែលមានតម្លៃមធ្យម និងក្រោមមធ្យម ត្រូវបានអ្នកវិនិយោគសាងសង់ជាប្រភេទវីឡាទោល ឬបែបវិឡាកូនកាត់ ខណៈដែលលំនៅដ្ឋានប្រភេទនេះ កំពុងតែមានការពេញនិយម”។

អនុប្រធានសមាគមអ្នកសាងសង់កម្ពុជា លោកបណ្ឌិតតាន់ មុនីវណ្ណ បានមានប្រសាសន៍ផងដែរថា តម្រូវការលំនៅដ្ឋាន ក៏ដូចជាទីផ្សារវិស័យសំណង់ក្នុងស្រុក នៅតែមានខ្ពស់ ព្រោះមនុស្សតែងត្រូវការផ្ទះជាសំខាន់។ លោកបន្តទៀតថា មជ្ឈដ្ឋានខាងក្រៅភាគច្រើនលើកឡើងថា ទីផ្សារអចលនទ្រព្យ និងវិស័យសំណង់នៅកម្ពុជា គឺពឹងផ្អែកទៅលើទីផ្សារក្រៅស្រុក ជាពិសេសទីផ្សារជនជាតិចិន ដោយឡែកនៅពេលសេដ្ឋកិច្ចចិនជួបវិបត្តិវានឹងធ្វើឱ្យទីផ្សារសំណង់នៅកម្ពុជាធ្លាក់។

លោកបន្តថា “ត្រង់ន័យនេះខ្ញុំទទួលស្គាល់ថា អាចប៉ះពាល់វិស័យសំណង់ខ្លះ ប៉ុន្តែចំពោះតែវិស័យលំនៅដ្ឋានហាក់នៅឆ្ងាយពីបន្តិច ដោយសារតែទីផ្សារមួយនេះ គឺមានតម្រូ​វការក្នុងស្រុកខ្ពស់ ដោយមិនពឹងអាស្រ័យទៅលើទីផ្សារចិននោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here