លោកឃួង ស្រេង ជូនជនបរទេសដែលចុះពីនាវាទេសចរWesterdam ទស្សនកិច្ច នៅរាជធានីភ្នំពេញ

0

ដោយវុត្ថា

ភ្នំពេញៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានជូនជនបរទេស ដែលចុះពីនាវាទេសចរ Westerdam ទស្សនកិច្ចនៅទូទាំងរាជធានី តាមរយៈរថយន្តក្រុងសាធារណៈ មុននឹងពួកគេត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ នឹងនាំជនបរទេ​សចុះពីនាវា Ms Westerdam ដែលមកសម្រាកនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីទស្សនកិច្ចតាមរមណីយដ្ឋាន តាមដងទន្លេរ មុខព្រះបរមរាជវាំងនិងកន្លែងផ្សេងៗទៀត មុនពេលដែលត្រឡប់ ទៅកាន់ប្រទេសរបស់ពួកគេវិញ។ ការជូនជនបរទសធ្វើទស្សនកិច្ចនេះ ដើម្បី​ចង់បង្ហាញពីភាពរីកចំរើន របស់រាជធានីភ្នំពេញ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុទទួល ស្វាគមន៍ដោយផ្ទាល់ជាមួយ អ្នកដំណើរនៅលើនាវាទេសច​រណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ និងបានជូនផ្កាដល់អ្នកទេសចរផងដែរ។ ទន្ទឹមនឹងនេះ ក៏មានការជួយសម្របសម្រួលដល់ អ្នកដំណើរមួយចំនួនផ្ទេរតាមយន្តហោះទៅកាន់ប្រទេសរៀងៗខ្លួនរបស់ពួកគេវិញផងដែរ។

ថ្លែងដោយទឹកមុខញញឹមរីករាយ និងមោទនភាព សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យភ្ញៀវចាកចេញពីលើនាវា Westerdam ហើយអាចមកទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ និងសៀបរាមតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋានទាំងអស់ មិនត្រូវមានការរើសអើងណាមួយចំពោះពួកគេនោះទេ។

សម្តេចតេជោបានបញ្ជាក់ថា “ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា គឺកម្ពុជាមិនគិតកម្រៃវីសា និងសេវាផ្សេងៗឡើយ”។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសស្វាគមន៍ដល់នាវាខ្នាតយក្សរបស់អាមេរិកនេះ បើចង់បន្តចតក្នុងរយៈពេល១ខែទៀតក៏បានដែរ ឬនៅពេលក្រោយបើនាវាទេសចរណ៍នេះចង់មកកម្ពុជាទៀត គឺកម្ពុជារង់ចាំទទួ​លស្វាគមន៍ដោយក្តីរីករាយជានិច្ច”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ភ្ញៀវទេចរទាំងអស់អាចធ្វើដំណើរដោយសប្បាយរីករាយ និងជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេ​សនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ថ្ងៃនេះ។

ជនបរទេសទាំងអស់នេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព យ៉ាងម៉តចត់ ពីមន្ត្រីក្រសួងសុខាភិបាលថា គ្មានរោគសញ្ញាពាក់ព័ន្ធនឹងវីរុសCovid-19 នោះឡើយ ក្រោ​យចុះកប៉ាល់ទេសចរ Westerdam ដឹកមនុស្សសរុបជាង២,២០០នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

យោងតាមបញ្ជីអ្នកដំណើរបង្ហាញថា នាវាទេសចរខ្នាតយក្សនេះ ផ្ទុកអ្នកទេសចរចំនួន៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ និងជាតិសាសន៍ដទៃ ក្នុងនោះមានជនជាតិខ្មែរ ដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here