រដ្ឋបាលខេត្តកែបគ្រោងរៀបចំអភិវឌ្ឍន៍កោះទន្សាយ និងតំបន់ឆ្នេរអង្កោល

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តកែបគ្រោងរៀបចរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅលើកោះទន្សាយ និងតំបន់ឆ្នេរអង្កោល ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តកាន់តែច្រើនថែមទៀត ។

នេះបើយោងតាមកិច្ចប្រជុំកាលពីពេលថ្មីនេះ រវាងមន្ត្រីជាន់ខ្ពស់ខេត្តកែប និងលោក សុខ សុគុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍផលិតផល និងសហប្រតិបត្តិការអន្តរជាតិនឹងជាប្រធានចាត់ចែងគម្រោងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងមហាអនុតំបន់មេគង្គ នៃក្រសួងទេសចរណ៍។

លោក កែន សត្ថា អភិបាលខេត្តកែបឱ្យដឹងថា ការរីកចម្រើន ក្នុងការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍ បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកំសាន្ត នៅតាមតំបន់រមនីយដ្ឋាននានា ជាពិសេសនៅតំបន់មាត់សមុទ្រក្នុងខេត្តកែប និងតាមបណ្តាកោះក្នុងទឹកដីខេត្ត ទោះបីករណីផ្ទុះឡើងនូវ ជម្ងឺ ខូវីដ១៩ ខណៈនៅតាមបណ្តាប្រទេសមួយចំនួនក៏មានការធ្លាក់ចុះភ្ញៀវទេសចរណ៍។

លោកបន្តថា តែអាជ្ញាធរខេត្តនៅតែបន្តក្នុងការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរណ៍ និងផ្តោតលើការយកចិត្ត ទុកដាក់ខ្ពស់ពាក់ព័ន្ធការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំខាន់ សន្តិសុខ ទេសចរណ៍ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកពីការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីចុងឆ្នាំ ២០១៩ កន្លងមកនេះ ប្រាប់ឱ្យអ្នកវិនិយោគជប៉ុន បោះទុនរកស៊ីនៅលើឆ្នេរអង្កោល និងកោះទន្សាយ នៅខេត្តកែបនេះ ខណៈពួកគេបានបង្ហាញចំណាប់វិនិយោគនៅក្នុងប្រទេសកម្ពុជាលើវិស័យទេសចរណ៍។

លោក ថោង ខុន បាននិយាយថា ខេត្តកែបកំពុងមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ ជាពិសេសគឺឆ្នេរអង្កោល និងកោះទន្សាយ ដែលអាចវិនិយោគទៅជាតំបន់ទេសចរណ៍ថ្មី ព្រោះជាឆ្នេរធម្មជាតិនេះ មិនទាន់មានការអភិវឌ្ឍឱ្យបានលេចធ្លោរនៅឡើយ។

លោករដ្ឋមន្ត្រីថ្លែងថា “ប្រសិនបើឆ្នេរនេះត្រូវអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍បានល្អ វានឹងក្លាយជាមេដែកដ៏សំខាន់ក្នុងការស្រូបយកភ្ញៀវទេសចរពីគ្រប់ទិសទី ខណៈរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តកែប ជាតំបន់់ទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់។ ហើយខេត្តកែបបច្ចុប្បន្នក៏មានឆ្នេរកែបរួចហើយដែរ ដែលកំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន”។

បច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប ហើយកំពុងត្រូវការអ្នកជំនាញបន្ថែមទៀត ដើម្បីសម្រេចកិច្ចការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តនេះ ឱ្យកាន់តែមានភាពរីកចម្រើនខ្លាំងឡើង ខណៈឆ្នេរសមុទ្រកម្ពុជាបានជាប់ជាឆ្នេរស្អាតជាងគេបំផុតលើពិភពពលោក របស់ក្លឹបឆ្នេរសមុទ្រស្អាត។

ចំណែកផ្សារក្ដាមនៅខេត្តកែប ក៏កំពុងទទួលបានគម្រោងអភិវឌ្ឍន៍ទៅជាផ្សារទេសចរណ៍ ដែលមានអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ ក្រោមគម្រោងអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ទៀតផង។ នេះបើតាមក្រសួងទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here