ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងតែប្រឈមជាមួយ នឹងវិបត្តិសេដ្ឋកិច្ចពិភពលោក ជាពិសេសភាពភ័យខ្លាចនៃការរាតត្បាតវីរុសCovid-19 បានជះឥទ្ធិពលអាក្រក់ និងគួរឱ្យព្រួយបារម្ភចំពោះវិស័យទេសចរណ៍កម្ពុជា ដោយតាមការព្យាករណ៍សាជាថ្មីរបស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា អាចនឹងមានការធ្លាក់ចុះរហូតដល់ប្រមាណ១លាននាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានលើកឡើងថា ដោយសារតែវិបត្តិជំងឺ Covid-19 បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀតដែលមានប្រភពពីកត្តាខាងក្រៅ បានបណ្ដាលឱ្យកម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិមិនបានដូចការព្យាករណ៍ ជាក់ស្ដែងនៅឆ្នាំ២០២០នេះ។ តាមការព្យាករណ៍សាជាថ្មីរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិនឹងមានការធ្លាក់ចុះប្រមាណ ១លាននាក់ ខណៈប្រទេសថៃបានព្យាករណ៍ដែរថា ប្រទេសគេនឹងជួបបញ្ហាធ្លាក់ចុះ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាននាក់។
លោកបន្តថា “ប្រសិនបើភាគីពាក់ព័ន្ធមិនជួយគ្នា អនុវត្តវិធានការនានារបស់រាជរ ដ្ឋាភិបាល និងវិធានការរបស់ក្រសួងទេសចរណ៍ ដើម្បីដោះស្រាយឧបសគ្គនៅចំពោះមុខនេះទេ ភ្ញៀវទេសចរនៅកម្ពុជា នឹងមានការធ្លាក់ចុះប្រមាណ៤០ភាគរយ ប៉ុន្តែបើភាគីពាក់ព័ន្ធចូលរួមសាមគ្គីគ្នាជម្នះឧបសគ្គនេះបាន ភ្ញៀវទេសចរប្រហែលជាធ្លាក់ចុះត្រឹម១០- ១៥ភាគរយប៉ុណ្ណោះ”។
តាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុនបានបញ្ជាក់ថា ទោះបីជាកម្ពុជាជួបវិបត្តិទាំងនេះក៏ដោយ ប៉ុន្តែនៅឆ្នាំ២០២៥ភ្ញៀវទេសចរនៅកម្ពុជានឹងមានការកើនឡើងប្រមាណ២៥ភាគរយមកវិញ។ នេះបើតាមការព្យាករណ៍។
ជាបទពិសោធន៍ក្នុងគ្រាដែលពិភពលោកជួបវិបត្តិជំងឺ SARS នៅចុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ ចំនួនភ្ញៀវទេសចរដែលមកទស្សនានៅកម្ពុជា មានការធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែនៅខណៈនោះក្រសួងទេសចរ ណ៍បានជំរុញឱ្យមានចលនាទេសចរក្នុងស្រុក ដើម្បីជួយទប់ទល់ការចំណាយរបស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា។ ជាក់ស្ដែង ដោយអនុវត្តតាមវិធានការនេះហើយ កម្ពុជាបានទទួលនូវកំណើភ្ញៀវ ទេសចរក្នុងស្រុកដល់ទៅ៩ភាគរយ ហើយបញ្ហានានាត្រូវបានដោះស្រាយគួរជាទីគាប់ប្រសើរ។
ជាអកុសល នៅចុងឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២០នេះ ពិភពលោកបានជួបប្រទះវិបត្តិជំងឺ Covid-19 ថ្មីនេះទៀត ដែលបណ្ដាលឱ្យវិស័យទេសចរណ៍លើពិភពលោកជួបបញ្ហាឱនភាព ក្នុងនោះកម្ពុជាក៏គេចមិនផុតពីបញ្ហានេះដែរ ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍បានដាក់ចេញវិធានការណ៍ ជំរុញឱ្យមានចលនាទេសចរក្នុងស្រុកឱ្យកាន់តែខ្លាំងក្លា។
ជាមួយនឹងការរំពឹងទុកថា ភ្ញៀវទេសចរក្នុងស្រុកនឹងមានការកើនឡើងដែរនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងប្រទេស ពិសេសនៅខេត្តសៀមរាប ត្រូវត្រៀមខ្លួនទទួលភ្ញៀវទេសចរក្នុងស្រុកឱ្យបានត្រឹមត្រូវ និងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីបកស្រាយពន្យល់ប្រាប់ពួកគាត់នូវអ្វី ដែលមាននៅតាមគោលដៅទេសចរណ៍នីមួយៗ ខណៈពួកគាត់ក៏ចង់ដឹងពីព័ត៌មាន ឬអាថ៌កំបាំងផ្សេងទៀតដែលបង្កប់លើជញ្ជាំងប្រាសាទ ប្រាង្គប្រាសាទ តំបន់បេតិកភណ្ឌវប្បធម៌ អច្ឆរិយភាពរបស់ស្នាដៃដូនតាខ្មែរជាដើម៕