ដំណឹងល្អៈ ផ្លូវភ្ជាប់ខេត្តបាត់ដំបងទៅកាន់ខេត្តកោះកុងនឹងសាងសង់ឆាប់ៗ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ មហិច្ឆតារបស់រដ្ឋាភិបាល ដើម្បីភ្ជាប់តំបន់ភូមិភាគពាយ័ព្យទៅកាន់តំបន់ឆ្នេរកំពុងចាប់ផ្តើមហើយ តាមរយៈគម្រោងសាងសង់ផ្លូវជាតិថ្មី ដែលមានប្រវែងជិត២០០គីឡូម៉ែត្រ ចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ផ្នែកខ្លះនៃខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង។

លោក ខាន់ ម៉ាណេរ ប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី៩ មិនានេះថា គម្រោងស្ថាបនាផ្លូវជាតិថ្មីលេខ៥៥.៤ ដែលមានប្រវែងជាង១៩០គីឡូម៉ែត្រ អាចនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ក្នុងពេ​លឆាប់ៗខាងមុខនេះហើយ។ គំរោងនេះនឹងស្ថាបនាដោយក្រុមហ៊ុនចិន។លោកអះអាងបែបនេះ បន្ទាប់ពីប្រតិភូរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹក​នាំដោយលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំក្រុមជំនាញរបស់ក្រុមហ៊ុនចិន ចុះពិនិត្យ និងសិក្សាផ្ទាល់អំពីស្ថានភាពផ្លូវជាតិថ្មី ដែលត្រូវសាងសង់។

-->

មន្រ្តីក្រសួងសាធារណៈការរូបនេះបានឲ្យដឹងទៀតថា ផ្លូវជាតិថ្មីលេខ៥៥.៤នេះ នឹងត្រូវបានស្ថាបនាចេញពីចំណុចអក្សរ (T) ក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ភ្ជាប់ទៅផ្លូវជាតិលេខ៥៥ ត្រង់ចំណុចប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិសាត់ ហើយបន្តឆ្ពោះទៅកាន់ខេត្តកោះកុង។ ផ្លូវជាតិលេខ៥៥.៤ ដែលគ្រោងស្ថាបនាថ្មីនេះ គឺសាងសង់តាមគ្រលងផ្លូវចាស់ផង និងត្រូវឈូសឆាយថ្មីផង ដែលត្រូវឆ្លងកាត់តំបន់ព្រៃភ្នំ។ ផ្លូវនេះត្រូវចាប់ផ្ដើមពីស្រុកសំឡូត ឆ្លងកាត់ផ្នែកខ្លះ នៃខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុងតែម្ដង។

លោកបន្តថា“នេះជាសមិទ្ធផលផ្លូវថ្មី សម្រាប់ខេត្តបាត់ដំបង (សំឡូត) កោះ​កុង ដែលមានប្រវែង១៩៧គីឡូម៉ែត្រ”។ លោកបន្តថា “សមិទ្ធផលនេះ នឹងចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះហើយ”។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបាន​មានប្រសាសន៍ថា គំរោងសាងសង់ផ្លូវនេះ អាចនឹងចាប់ផ្តើមនៅឆ្នាំ២០១៩ ព្រោះ​ក្រសួងនឹងគិតគូពីគំរោងអាទិភាពដទៃទៀតផងដែរ ប៉ុន្តែបើគិតពីសាងសង់រហូត​ដល់បញ្ចប់ គំរោងសាងសង់ផ្លូវនេះមានទំហំចន្លោះពី៩ ទៅ១១ម៉ែត្រនេះ អាចនឹងបញ្ចប់ក្នុងរយៈពេល៣៦ទៅ៤០ខែ។ លោកបន្តថា ផ្លូវនេះមានសារៈសំខាន់ណា​ស់សម្រាប់តភ្ជាប់ការដឹកជញ្ជូន ពិសេសដំណាំកសិកម្មរបស់កម្ពុជាពីភូមិភាគពាយ័ព្យទៅកាន់តំបន់ឆ្នេរ ដែលមានកំពង់ផែដឹកជញ្ជូនងាយស្រួល។

លោកបន្តថា “ជាចក្ខុវិស័យរបស់ឯកឧត្តមស៊ុន ចាន់ថុលគឺការពឹងផ្អែកខ្លួនឯង តាមរយៈការកាត់បន្ថយដង្ហើមប្រទេសដទៃ ហេតុនេះការសាងសង់ផ្លូវនេះនឹងជួយសម្រួលការដឹកជញ្ជូនដំ ណាំកសិកម្មចេញពីពោធិសាត់ បាត់ដំ​បង ប៉ៃលិ​នជាដើម មកកាន់កំពង់ផែសមុទ្រខ្លួនឯង”។លោកបន្តថា “កន្លងមកពេលកម្ពុជាពឹងផ្អែកប្រទេសដទៃ ពិតជាពិបាក ហេតុនេះទស្សនវិស័យរបស់ទេសរដ្ឋមន្រ្តីក្រ​សួងសាធារណៈការ អាចឲ្យកម្ពុជាកាន់តែមានឯករាជ្យភាពរបស់ខ្លួន”៕