ទំហំប្រាក់កម្ចីហូរចូលទីផ្សារអចលនទ្រព្យចិនកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០២៣

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទំហំនៃការផ្តល់ប្រាក់កម្ចីដល់ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំកាលពីខែមិថុនា បន្ទាប់ពីរដ្ឋាភិបាលចិនបានដាក់ចេញវិធានការជាបន្តបន្ទាប់ ក្នុងគោលបំណងស្តារឱ្យវិស័យនេះមានស្ថិរភាពឡើងវិញ។

ធនាគារកណ្តាលចិន (PBOC) បានគូសបញ្ជាក់ឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា ការផ្តល់ប្រាក់កម្ចីដល់ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិនសម្រេចបានទំហំទឹកប្រាក់ចំនួន៥៣,៣៣ទ្រីលានយ័ន (ប្រហែល៧,៤៣ពាន់ពាន់លានដុល្លារអាមេរិក) គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៥ កើនឡើង០,៤ភាគរយបើធៀបនឹងឆ្នាំមុន។

យោងតាមទិន្នន័យរបស់ធនាគារកណ្តាលចិន ដែលបានដកស្រង់ចុះផ្សាយដោយកាសែត South China Morning Post បានឱ្យដឹងបន្តថា តួលេខខាងលើនេះជាអត្រាកំណើនខ្ពស់បំផុតគិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣។

ទោះបីជាយ៉ាងណាក្តី កំណើន​នៅ​តែ​មាន​កម្រិត​ទាប បើប្រៀបធៀបនឹងអត្រាកំណើន​​ មុន​ឆ្នាំ២០២១។

ធនាគារកណ្តាលចិនបានបន្ថែមថា ការផ្តល់ប្រាក់កម្ចីទិញផ្ទះសម្រេចបានទំហំទឹកប្រាក់ចំនួន៣៧,៧៤ទ្រីលានយ័ន ធ្លាក់ចុះ០,១ភាគរយធៀបនឹងឆ្នាំមុន ខណៈការផ្តល់ប្រាក់កម្ចីដល់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យបានកើនឡើង០,៣ភាគរយដល់ចំនួន១៣,៨១ទ្រីលានយ័ន។

ទីក្រុងប៉េកាំងបានដាក់ចេញនូវវិធានការគោលនយោបាយជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ ដូចជា ការអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានទិញលំនៅដ្ឋាន និងដីមិនបានប្រើប្រាស់ ពីបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលជួបប្រទះវិបត្តិសាច់ប្រាក់៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here