ឡាវផ្អាកចេញទិដ្ឋាការដល់ភ្ញៀវទេសចរបរទេសទាំងអស់ក្នុងរយៈពេល ៣០ថ្ងៃ

0

ដោយ ប៊ី

ឡាវ៖ ប្រទេសឡាវបានប្រកាសឱ្យផ្អាកនូវការផ្តល់ជូនទិដ្ឋាការ ដល់ភ្ញៀវទេសចរបរទេសទាំងអស់ក្នុងរយៈពេល ៣០ថ្ងៃ និងបិទគ្រឹះស្ថានអប់រំ គ្រប់កម្រិតទាំងអស់ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ នេះបើយោងតាមការចេញដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

លោក Thongloun Sisoulith នាយករដ្ឋមន្រ្តីឡាវ ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែនៃគណៈរដ្ឋមន្ត្រីឡាវកាលពីថ្ងៃពុធសប្តាហ៍នេះថា ឡាវនឹងផ្អាកចេញរាល់ទិដ្ឋាការមកដល់ (Arrival Visa) និងទិដ្ឋាការអេឡិចត្រូនិច (E-Visa) ទាំងអស់ មួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ដោយឡែក សម្រាប់អ្នកដែលមានទិដ្ឋាការចូលរួចហើយ ត្រូវនាំមកជាមួយនូវលិខិតបញ្ជាក់សុខភាព និងប្រវត្តិនៃការធ្វើដំណើរជាចាំបាច់។

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា រាល់ជនបរទេសទាំងអស់ ដែលពីមុនមកបានទទួលការលើកលែងទិដ្ឋាការ ឬទទួលបានសេវាកម្មទិដ្ឋាការមកដល់ ឬទិដ្ឋាការអេឡិចត្រូនិច ចាំបាច់ត្រូវតែចូលទៅស្ថានទូតឡាវ ឬស្ថានកុងស៊ុល ដើម្បីដាក់ពាក្យសុំទិដ្ឋាការចូលបន្ថែមទៀត ដោយជាភ្ជាប់មកជាមួយលិខិតបញ្ជាក់សុខភាព និងប្រវត្តិនៃការដំណើរ។

ស្របពេលជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យបិទ រាល់គ្រឹះស្ថានអប់រំគ្រប់កម្រិតទាំងអស់ ដោយរាប់ចាប់ពីសាលាមត្តេយ្យ រហូតដល់សាកលវិទ្យាល័យតែម្តង ដើម្បីជាវិធានការការពារទុកជាមុន កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺ COVID-19។

បើទោះបីជាអាជ្ញាធរប្រទសឡាវ បានដាក់ចេញនូវវិធានជាច្រើនខាងលើនេះក៏ដោយ ក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មិនទាន់មានសេចក្តីរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 សូម្បីតែម្នាក់នៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here