ដោយវុត្ថា
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងមួយដល់ ម្ចាស់សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ឱ្យប្រើប្រាស់ជាកាតព្វកិច្ចនូវ “ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍” ដែល មានគេហទំព័រផ្លូវការ “www.accommodationregistrar.net” ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹងលេខ១៤៧ សជណ.អគឧ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ឱ្យដឹងថា “ការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍” តាមអនឡាញនេះផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍អាចសហការផ្តល់ព័ត៌មានជូនអជ្ញាធរមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យឬតាមដានវត្តមានឈ្មោះភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកស្នាក់នៅក្នុងសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងករណីដែលចាំបាច់ និងមានតំរូវការក្នុងការចូលរួមដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលមានការកើតឡើងចេញពីភ្ញៀវទេសចរក្នុងករណីជាយថាហេតុណាមួយ។
ក្រសួងទេសចរណ៍បញ្ជាក់ទៀតថា ប៉ុន្តែយ៉ាងណាក៏ដោយការប្រើប្រាស់ប្រព័ន្ធនេះទាមទារឱ្យមានកិច្ចសហការ និងការចូលរួមពីម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ក្នុងការបញ្ចូលព័ត៌មានរបស់ភ្ញៀវរបស់ខ្លួនក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។
ក្នុងដំណាក់កាលនៃវិបត្តិ Covid-19 នេះ ក្រសួងទេសចរណ៍សូមស្នើដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្ម ស្នាក់នៅទេសចរណ៍ទាំងអស់ ចូលរួមប្រើប្រាស់ជាកាតព្វកិច្ច “ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍” ឱ្យបានគ្រប់គ្នា និងធ្វើការចុះវត្តមានរបស់ភ្ញៀវទេសចរ ឱ្យបានគ្រប់គ្នាៗ និងទៀតទាត់៕