ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានដាក់ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើននៅពេលខាងមុខនេះ ដើម្បីបំរើដល់វិស័យដឹកជញ្ជូនរបស់កម្ពុជា ឱ្យមានភាពកាន់តែល្អប្រសើរ និងសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋកាន់តែមានភាពងាយស្រួល ខណៈកន្លងមកនេះ រដ្ឋាភិបាលបានវិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អស់ថវិការាប់ពាន់លានដុល្លារអាមេរិក។
យោងតាមផែនការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូបានបង្ហាញថា មានគម្រោងចំនួន៥ ដែលប្រកាសដោយរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមកនេះ រួមមាន៖
១) ស្ពានឆ្លងកាត់ទន្លេមេគងខេត្តក្រចេះ
ស្ពាននេះត្រូវបានអ្នកជំនាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយក្រុមហ៊ុនសាសង់ស្ពានរបស់ចិនបានសិក្សា លើទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង់នៅខេត្តក្រចេះរួចហើយ ដែលស្ពាននេះគ្រោងនឹងសាងសង់នៅឆ្នាំ២០២១ ខាងមុនេះ ។ ស្ពាននេះមានប្រវែងសរុប១៧៦១ម៉ែត្រ ដែលទទួលប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន។
២) គម្រោងសាងសង់ផ្លូវហាយវ៉េភ្នំពេញ-បាវិត
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត បាននឹងកំពុងសិក្សាដោយក្រុមហ៊ុនចិន ខណៈគម្រោងត្រូវបានសិក្សាបញ្ចប់រួចម្តងមកហើយ ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។គម្រង ផ្លូវនេះនឹងឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង មុនតភ្ជាប់ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង។
ផ្លូវល្បឿនលឿននេះ មានប្រវែងប្រមាណ១៦០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកា៣៨០០លានដុល្លារ។ នេះបើតាមការសិក្សារបស់JICA។
៣) គម្រោងសាងសង់ស្ពានស្វាយជ្រុំ-អរិយក្សត្រ
គម្រោងសាងសង់ស្ពានថ្មី ឆ្លងទន្លេមេគង្គ តភ្ជាប់ទៅស្វាយជ្រុំ-អរិយក្សត្រ ទទួលបានភ្លើងខៀវ ពីភាគីកូរ៉េ ក្នុងការជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គដែលបានស្នើឡើងដោយរដ្ឋាភិបាលកម្ពុជា។
បច្ចុប្បន្នគម្រោងស្ពាននេះ កំពុងស្ថិតក្រោមការសិក្សា និងកំពុងរកប្រភពថវិកា ហើយរដ្ឋាភិបាល នឹងធ្វើជូនប្រជាពលរដ្ឋជាដាច់ខាត។
៤) គម្រោងសាងសង់ផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿងលឿនពីភ្នំពេញសៀមរាប
រដ្ឋាភិបាលបានដាក់ផែនការការសិក្សា លើគំរោងអភិវឌ្ឍន៍ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាការសាងសង់ផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿងលឿន ការពង្រីកផ្លូវថ្នល់ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលធំជាងមុន ដើម្បីតភ្ជាប់ខេត្តសៀមរាបជាមួយរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់នានា។
៥) គម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសដោយស្វ័យប្រវត្តិ (AGT) នៅភ្នំពេញ
រដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន គ្រោងសាងសងផ្លូវរថភ្លើងរត់លើអាកាស និងក្រោមដីនៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងសាងសង់ផ្លូវរថភ្លើង លើអាកាសដោយស្វ័យប្រវត្តិ (AGT) ចំនួន៤ ខ្សែរត់ក្នុងរាជធានីភ្នំពេញ ដែលអង្គការ JICA ក៏សិក្សាផងដែរ។ ខ្សែរថភ្លើងទាំងនេះមានប្រវែងប្រហែល១៨ គីឡូម៉ែត្រ ដែលរត់លើផ្លូវមួយចំនួនដូចជា មហាវិថីហ្សាលឌឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ២១៧ ផ្លូវវេងស្រេងឆ្ពោះទៅព្រលានយន្តហោះ និងមួយខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងកប់ស្រូវ។
ជាមួយគ្នានេះ ក្រសួងក៏បានផ្តល់ឱ្យក្រុមហ៊ុនសាជីវកម្ម សាងសង់ផ្លូវដែកចិន (CRCC) ធ្វើការសិក្សាផ្លូវរថភ្លើងលើអាកាស ដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញផងដែរ៕