ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញទទួលស្គាល់ពីភាពរងនូវផលប៉ះពាល់ ប៉ុន្តែក្នុងកាលទេសៈនេះ វាក៏ជាឱកាសល្អសម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ ក្នុងការទិញអចលនទ្រព្យទុកវិនិយោគយកចំណេញក្រោយពេលវិបត្តិត្រូវបានបញ្ចប់។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់ទូរស័ព្ទកាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ដោយទទួលស្គាល់ថា វិបត្តិនៃជំងឺឆ្លង Covid-19 ពិតជាបានជះឥទ្ធិពលអាក្រក់មកលើវិស័យអចលនទ្រព្យកម្ពុជាពិតមែន ហើយនៅតាមបណ្តានានាក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នា។
លោកស្រីបានបញ្ជាក់ថា “មិនមែនតែវិស័យអចលនទ្រព្យនោះទេ វិស័យដទៃទៀតក៏ប៉ះពាល់ដូចគ្នា ដែលវាសុទ្ធតែជាកត្តាប្រឈមទាំងអស់។ លោកស្រីបន្តថា “សម្រាប់តែវិស័យអចលនទ្រព្យនៅក្នុងស្ថានការណ៍នេះ គឺមានការធ្លាក់ចុះទាំងសម្មភាពអភិវឌ្ឍ និងតម្លៃ ដែលស្ទើរតែក្លាយជាឧបសគ្គ សម្រាប់អ្នកដែលមានបំណងចង់លក់ចេញ។
យ៉ាងណាលោកស្រីធីតា បានមើលឃើញកាលានុវត្តន៍ភាពផងដែរ សំរាប់មនុស្សមួយចំនួនដែលអាចរកបានផលពីវិបត្តិនេះ។
លោកស្រីបានបញ្ជាក់ថា “ក្នុងស្ថានភាពនេះ វាក៏ជាឱកាសល្អសម្រាប់អ្នកដែលមានចរន្តសាច់ប្រាក់ និងធនធានគ្រប់គ្រាន់ ក្នុងការទិញអចលនទ្រព្យទុកវិនិយោគបន្តយកចំណេញក្រោយពេលវិបត្តិមួយត្រូវបានបញ្ចប់។
លោកស្រី អាន សុធីតាបានលើកជាឧទាហរណ៍ជាក់ស្តែងថា កាលពីអំឡុងឆ្នាំ២០០៨ ខណៈដែលកើតមានវិបត្តិសេដ្ឋកិច្ចពិភពលោក យើងឃើញមានអ្នកវិនិយោគដែលចេះឆ្លៀតឱកាសមួយចំនួន ទទួលបានប្រយោជន៍ខ្ពស់ ពីការទិញអចលនទ្រព្យទុកក្នុងអំឡុងពេលមានភាពប្រឈម ដោយសារតែតម្លៃទាបជាងទីផ្សារ។ លុះរយៈពេល ៣-៤ ឆ្នាំបន្ទាប់អ្នកទាំងនោះ ទទួលបានភាគលាភពីការវិនិយោគ។
ដោយឡែកសម្រាប់វិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២០នេះ ត្បិតថាអាចមានទំហំធំជាងឆ្នាំ២០០៨ ប៉ុន្តែវាក៏នឹងចំណាយពេលខ្លី ក្នុងត្រឡប់មករកសភាពល្អដូចដើមវិញ ដូច្នេះ វាក៏ជាឱកាសមួយសម្រាប់អ្នកវិនិយោគ នៅក្នុងវិស័យមួយនេះធ្វើការពិចារណាផងដែរ។លោកស្រីធីតាបញ្ជាក់ឲ្យដឹង។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន KW Cambodia បានមានប្រសាសន៍ថា “ការផ្ទុះនៃជំងឺ Covid-19 នឹងធ្វើឱ្យវិស័យដីធ្លីនៅកម្ពុជាដើរថយក្រោយ ហើយដើរថយក្រោយកម្រិតណា គឺអាស្រ័យលើផលប៉ះពាល់នៃជំងឺនេះ ព្រោះបច្ចុប្បន្ននេះយើងពុំទាន់ដឹងថា តើជំងឺនេះបន្ដរយៈពេលយូរប៉ុណ្ណានោះទេ ប្រសិនបើជំងឺនេះនៅអូសបន្លាយរយៈពេលយូរ នោះគឺជារឿងធំតែម្ដង ប៉ុន្ដែប្រសិនជំងឺនេះ មានត្រឹមរហូតដល់ខែមិថុនា នោះនឹងមិនមែនជាបញ្ហាអ្វីនោះឡើយ។
លោកឧកញ៉ា បានបញ្ជាក់ទៀតថា វិស័យដីធ្លីនៅកម្ពុជា រីកចម្រើនរយៈពេល១០ឆ្នាំ ហើយភាពរីកចម្រើនប្រមាណ ២០ភាគរយ បានមកពីការចូលមកវិនិយោគរបស់បរទេស ប៉ុន្តែបើក្រឡេកមើលទៅមុនឆ្នាំ១៩៩៣ ដីធ្លីពេលនោះមិនមានចលនាធំដុំនោះទេ ប៉ុ ន្ដែបន្ទាប់ពីការបោះឆ្នោត មានភ្ញៀវបរទេសមកវិនិយោគ ទើបធ្វើឱ្យវិស័យដីធ្លីកើនឡើងជាលំដាប់។
លោកបន្តថា សម្រាប់បរទេសដែលមកវិនិយោគ ច្រើនជាងគេនៅក្នុងប្រទេសយើង យើងទទួលស្គាល់ គឺភ្ញៀវអាស៊ី ដូចជា ចិន សិង្ហបុរី កូរ៉េ ជប៉ុនជាដើម ហើយពួកគាត់ទាំងនេះហើយដែលធ្វើឱ្យវិស័យដីធ្លីមានការកើនឡើង ខណៈដែលបច្ចុប្បន្ន វិនិយោគិនបរទេសទាំងនោះ ក៏កំពុងរងនូវឥទ្ធិពលនៃវីរុស Covid-19 នេះខ្លាំង។
ជំងឺ Covid-19 ដែលជាជំងឺបង្កកលលយុគទូទាំងពិភពលោក បានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ដែលក្នុងនោះវិស័យដីធ្លីនៅកម្ពុជា ក៏មានផលប៉ះពាល់ ហើយក៏គ្មានអ្នកណាអាចសន្មត់ថា ប៉ះពាល់កម្រិតណានោះទេ គឺអាស្រ័យលើពេលវេលា ហើយត្រឹមខែមិថុនាខាងមុខនេះ ប្រសិនបើចិន និងអាមេរិក អាចទប់ស្កាត់បាន គឺមិនមានបញ្ហាចោទនោះឡើយ ប៉ុន្ដែប្រសិនបើជំងឺនេះ នៅតែបន្ដនោះវិបត្តិសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចុះមិនអាចប៉ាន់ស្មាន៕