ដោយវុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន Cambodia Airways ប្រកាសពង្រីកធុរៈកិច្ចរបស់ខ្លួន និងវិនិយោគទុនបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា បន្ទាប់ជម្ងឺផ្លូវដង្ហើមCOVID-19 បញ្ចប់នាពេលនាខាងមុខ។
លោក Chen Bo ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Cambodia Airways នៅក្នុងជំនួបជាមួយ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នាថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២០នេះថា ក្នុងពេលឆាប់ខាងមុខពេលដែលស្ថានភាពជម្ងឺCOVI-19 បញ្ចប់នាពេលខាងមុខ ក្រុមហ៊ុនCambodia Airways នឹងពង្រីកធុរៈកិច្ចរបស់ខ្លួន និងវិនិយោគទុនបន្ថែមទៀតដើម្បីចូលរួម អភិវឌ្ឍប្រទេសកម្ពុជា។
លោកបន្តថា “ពេលនេះជាពេលលំបាកសម្រាប់គ្រប់ប្រទេសទាំងអស់ ដោយសារជម្ងឺឆ្លងផ្លូវដង្ហើមថ្មី និងគ្រប់ជើងហោះហើរទាំងអស់របស់ក្រុមហ៊ុន ត្រូវបានផ្អាកបណ្តោះអាសន្នសិន គឺមានតែដឹកជញ្ជូនទំនិញប៉ុណ្ណោះ”។ លោកបន្តថា “យើងសង្ឃឹមថា ជម្ងឺផ្លូវដង្ហើម COVID-19 នឹងបាត់នាពេលឆាប់ៗខាងមុខ”។
លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឱ្យដឹងដែរថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាង ក្រុមហ៊ុនCambodia Airways និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកន្លងមកនេះ និងការផ្តល់ជំនួយសម្ភារៈសម្រាប់ការបង្ការ និងទប់ស្កាត់ការរីករាលដាល ជំCovid-19ដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គឺជាការបង្ហាញនូវសមានចិត្តដ៏ល្អនៅក្នុងគ្រាដ៏លំបាក។
លោកបន្តថា “ទំនាក់ទំនងកម្ពុជា-ចិនជាទំនាក់ទំនងពិសេស និងជាប្រពៃណី ដែលមានជាយូរលង់ណាស់មកហើយ និងមានទំនាក់ទំនងអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមពាក្យស្លោក កម្ពុជា-ចិន មិត្តភាពដែកថែក”។
លោកបន្ថែមថា ជាពិសេសនាពេលថ្មីៗ ក្នុងគ្រាលំបាកសម្តេចតេជោ ហ៊ុន សែន បាន ធ្វើទស្សនកិច្ចនៅប្រទេស ចិនដោយបានជួបជាមួយ ប្រធានធិបតី លោក Xi Jinping និងនាយករដ្ឋមន្ត្រី លោក Li keqiang ដោយបានទទួលនូវការគាំទ្រពីថ្នាក់ដឹកនាំ និងប្រជាជនចិនចំនួន៣ចំនុច ដែលស្នើដោយសម្តេច សម្រាប់ការអភិវឌ្ឍកម្ពុជា ទី១ រក្សានូវការវិនិយោគរបស់វិនិយោគិនចិន បើទោះបីមានការដកEBA របស់សហគមន៏អឺរ៉ុបក៏ដោយ ទី២ បង្កើនការវិនិយោគបន្ថែមទៀតរបស់ប្រទេសចិននៅកម្ពុជា និងទី៣-គាំទ្រនូវការបន្តវិនិយោគបន្ថែមទៀត និងអំពាវនាវឱ្យក្រុមហ៊ុនវិនិយោគល្អៗ ទៅកាន់ក្រុងព្រះសីហនុ៕