ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថា កម្ពុជាមានលទ្ធភាពក្នុងកការដាក់ប្រទេស ស្ថិតនៅក្នុងគ្រាអាសន្នត្រឹមតែ០.១%ប៉ុណ្ណោះ ដែលបង្ករឡើង ដោយសារការរីករាលជំងឺCovid-19 ខណៈកម្ពុជាកំពន្លឿនការអនុម័តច្បាប់នេះ។
សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅសំនួរអ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែ មេសា ឆ្នាំ ២០២០ នេះឱ្យដឹងថា ការប្រកាសដាក់ប្រទេសនៅក្នុងគ្រាអាសន្ន នៅពេលដែលគ្រប់គ្រងលែងបាន នូវការរីករាលដាលនៃCovid-19 និងការអំពាវនាវរបស់រដ្ឋាភិបាលលែងបាន។
សម្តេចតេជោថ្លែងថា “ទាក់ទិននឹងការប្រកាសអាសន្ន តើស្ថានភាពបែបណាដែលប្រកាស? សម្តេចគិតថាស្ថានភាពកូវីដនេះ ប្រហែលជាមិនអាច។ លទ្ធភាពដាក់ប្រទេសក្នុងគ្រាអាសន្នមានត្រឹមតែ០.១% ប៉ុណ្ណោះ ជាលទ្ធភាពនៃការប្រកាសអាសន្នដោយCovid-19 ដាក់ប្រទេសក្នុងគ្រាមានអាសន្ន”។
សម្តេចតេជោបន្តថា “អញ្ចឹងលទ្ធភាពវាតិចណាស់ ប៉ុន្តែទោះបីជាតិចយ៉ាងណាក៏ដោយ ក៏ត្រូវមានឧបករណ៍ច្បាប់ក្នុងដៃ ក្រែងលោ0.១% វាលេចឡើង។ បើលេចឡើង យើងត្រូវតែដាក់វានៅក្នុងស្ថានភាពមានអាសន្ន ព្រោះការអំពាវនាវមិនអាចធ្វើទៅរួច។ជម្រើសដែលនៅសេសសល់ គឺប្រកាសច្បាប់គ្រាមានអាសន្ន ដើម្បីយើងគ្រប់គ្រងសភាពការណ៍ក្នុងរយៈពេលណាមួយ”។
សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន៥ជំពូក និង១១មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនទៅដល់រដ្ឋសភា នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ជាមូលដ្ឋានគតិយុត្តិ ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្ត កំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
សម្តេចតេជោសេចក្តីព្រាងច្បាប់ស្តីពី ការគ្រង់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្នអាចនឹងត្រូវព្រឹទ្ធសភា អនុម័តក្រោយចូលឆ្នាំខ្មែរ ខណៈគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅកាន់គណៈកម្មការជំនាញ ដើម្បីពិនិត្យនិងសិក្សានាព្រឹកថ្ងៃដដែលនេះ ៕