ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញលិខិតមួយច្បាប់តម្រូវម្ចាស់អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍(ពុះដីឡូត៍លក់) ទាំងអស់ឱ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូតិ៍ ឱ្យបានមុនថ្ងៃទី ៣០ខែមេសា ឆ្នាំ ២០២០ ជាកំហិត។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ក្នុងករណីដែលមិនបានមកដាក់ពាក្ស្នើសុំលិខិតអនុញ្ញាតអាជីវកម្មទាន់ពេលវេលាដែលបានកំណត់ ក្រសួងនឹងចាត់វិធានការរដ្ឋបាល និងផាកពិន័យ ស្របតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។
យោងតាមការប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ខែមករា ឆ្នាំ ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ តម្រូវឱ្យម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ (ពុះដីឡូត៍) ទាំងអស់ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតិអាជីវកម្មអភិវឌ្ឍដីឡូត៍ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ។
សម្រាប់អាជីវកម្ម អភិវឌ្ឍដីឡូត៍ដែលមានទំហំក្រោម ១០, ០០0 ម៉ែត្រការ៉េ (១ហិចតា) និងដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអភិវឌ្ឍដីឡូត៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ដែលមានទំហំចាប់ពី ១០, ០០0 ម៉ែត្រការ៉េ (១ហិចតា)ឡើង៕