ដោយ ហ្សូលី
កំពង់ឆ្នាំង៖ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងគ្រោងនឹងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិចំនួន ២កន្លែងបន្ថែមទៀត ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងជួយលើកកម្ពស់ជីវភាពប្រចាពលរដ្ឋ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី បានថ្លែងប្រាប់សារព៍ត៌មានក្នុងស្រុកនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០នេះថា ក្នុងឆ្នាំនេះ មន្ទីរទេសចរណ៍ខេត្តបាននិងកំពុងសិក្សាទៅលើតំបន់រមណីយដ្ឋានធម្មជាតិចំនួន២កន្លែងដែលមានសក្តានុពលនោះគឺ ទឹកធ្លាក់បង្គងរនាប និងរមណីយដ្ឋានឯកជនមួយក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោកបន្តថា ដើម្បីជាប្រយោជន៍រកចំណូលបន្ថែមដល់ប្រជាពលរដ្ឋ បច្ចុប្បន្នមន្ទីរទេសចរណ៍ខេត្តកំពុងពិភាក្សាជាមួយប្រជាពលរដ្ឋក្នុងសហគមន៍នៅតំបន់ទឹកធ្លាក់បង្គងរនាបអំពីការស្ថាបនាផ្លូវចូលទៅកាន់តំបន់កម្សាន្តនោះ ព្រោះសព្វថ្ងៃមានការលំបាករឿងផ្លូវចូល។ បើសិនជាផ្លូវចូលទៅកម្សាន្តនេះ មានភាពរលូនស្រួលនោះ ច្បាស់ជាមានកំណើនភ្ញៀវទេសចរជាក់ជាមិនខាន។
បន្ថែមពីលើនេះ លោកបានអំពាវនាវដល់ប្រជាសហគមន៍នៅតំបន់រមណីយដ្ឋានដែលជាអ្នកលក់ដូរម្ហូបអាហារ ទំនិញ ព្រមទាំងសេវាកម្មផ្សេង ត្រូវរក្សាតម្លៃឱ្យមានភាពសមរម្យដែលភ្ញៀវទេសចរអាចមានលទ្ធផលក្នុងការជាវ ដើម្បីជាឱកាសទាក់ទាញភ្ញៀវឱ្យមកកម្សាន្តកាន់តែច្រើនជាហូរហែ និងចៀសវាងការបាត់បង់ចំណូល។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា មកទល់ពេលនេះខេត្តកំពង់ឆ្នាំងមានតំបន់ទេសចេណ៍ចំនួន ២៣ កន្លែងហើយ។ តំបន់ដែលមានប្រជាប្រិយភាពសម្រាប់ភ្ញៀវទេសចរជាតិនោះមានចំនួន២កន្លែងគឺ ទឹកធ្លាក់ស្រែអំពិល និងទឹកធ្លាក់ថ្មក្រាល។ រីឯភ្ញៀវទេសចរអន្តរជាតិវិញ ភាគច្រើនពួកគេនិយមទៅកម្សាន្តនៅដងទន្លេសាប ភូមិទេសចរណ៍អណ្តូងដែលជាកន្លែងលក់វត្ថុអនុស្សាវរីយ៍ធ្វើពីដីឥដ្ឋ និងវត្តពោធិ៍រុក្ខារាម៕