ដោយៈ រ៉ាណេត
ពោធិ៍សាត់ៈ រដ្ឋបាលខេត្តពោធិ៍សាត់ តាមរយៈមន្ទីរទេសចរណ៍ខេត្ត បានបង្កើត និងរៀបចំគម្រោង ពង្រីកសក្ដានុពលទេសចរណ៍នៅទូទាំងខេត្ត ជាពិសេសនៅតំបន់ធម្មជាតិវិថីបុប្ផាលាក់ខ្លួន ដែលកំពុងមានភាពទាក់ទាញ។
ប្រធានមន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ លោក សំ ឃីម បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០កន្លងមកថា មន្ទីរទេសចរណ៍ខេត្ត បានរៀបចំគម្រោងអភិវឌ្ឍន៍ តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃជាច្រើនកន្លែង នៅជុំវិញវិថីបុប្ផាលាក់ខ្លួន ដើម្បីបង្កើនភាពទាក់ទាញដល់ទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្ត។
លោកបានបញ្ជាក់ថា “បន្ទាប់បានដាក់ដំណើរការផ្លូវមួយខ្សែនេះ យើងក៏បានសិក្សាទីតាំងជុំវិញ ដើម្បីរៀបចំនិងកែច្នៃ ដែលធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ។ លោកបន្តថា “យើងមានសម្បទាជាច្រើននៅជុំវិញនេះ ដូចជាភ្នំទំព័រ ដែលបានដំណើរការហើយនៅស្រុកវាលវែង ហើយភ្នំទំព័រនេះក៏បានចែកចេញជាពីរផងដែរ គឺតំបន់ទេសចរណ៍ផ្សងព្រេង និងទេសចរណ៍កម្សាន្ត ហើយអីឡូវយើងកំពុងតែសិក្សាអូនសោមបន្ថែមទៀត” ។
អូសោមនេះ មានស្ថានភាពល្អណាស់ នៅពេលដែលផ្លូវជាតិលេខ១០ដំណើរការហើយ លោកជឿថាភ្ញៀវទេសចរមានអារម្មណ៍ថា បែ្លកមួយទៀតជាមួយនឹងស្ពានដែលខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជា។
ក្រៅអំពីការទស្សនាវិថីបុប្ផាលាក់ខ្លួន អ្នកទេសចរអាចចូលទៅទស្សនាតំបន់ធម្មជាតិតំបន់ទឹកធ្លាក់ ដែលមានដូចជាតំបន់ទស្សនាភ្នំ១៥០០ តំបន់ទស្សនាធនធានធម្មជាតិក្រពើ២ ទស្សនាភ្នំទំព័រ ទស្សនាតំបន់ព្រៃ ដែលជាតំបន់អភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៃខេត្តពោធិ៍សាត់ ក៏ដូចជាទស្សនានូវជីវភាពរស់នៅប្រចាំថ្ងៃ និងការបង្កើតមុខរបបរបស់ប្រជាជនតាមដងវិថីបុប្ផាលាក់ខ្លួនផងដែរ៕