២សប្ដាហ៍នៃខែឧសភា ចលនាទេសចរក្នុងស្រុកកើនជិត៥០ភាគរយ

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រោយភាពស្ងប់ស្ងាត់នៃវិបត្តិជំងឺឆ្លងនៅកម្ពុជា ចរន្តទេសចរក្នុងស្រុកចាប់ផ្តើមបង្ហាញសញ្ញាល្អប្រសើរឡើងវិញ ជាពិសេសនៅក្នុងរយៈពេល២សប្ដាហ៍នៃខែឧសភា ឆ្នាំ២០២០នេះ ចលនាភ្ញៀវទេសចរនៅតាមតំបន់កម្សាន្តនានាក្នុងស្រុកមានការកើនឡើងជិត៥០ភាគរយ បើធៀបទៅនឹងរយៈពេល២សប្ដាហ៍ដូចគ្នាកាលពីខែមុន។

តាមរយៈរបាយការណ៍ដែលចេញដោយក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះបានបង្ហាញថា ក្នុងរយៈពេល២សប្ដាហ៍កន្លងទៅនេះ ចលនានៃភ្ញៀវទេសចរក្នុងស្រុកបន្តកើនឡើង ខណៈស្ដង់ដាពិសេសសម្រាប់អាជីវករទេសចរណ៍៥ប្រភេទ នឹងសម្រេចដាក់ចេញនៅចុងខែនេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា “សម្រាប់រយៈពេលចាប់ពីថ្ងៃទី៤
-១៧ ខែឧសភា ឆ្នាំ២០២០ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានចំនួនសរុបប្រមាណ ២៥៦,៥៤១នាក់កើនឡើង ៤៦.៧៦ភាគរយធៀបនឹង២សប្តាហ៍នៃចុងខែមេសាកន្លងមក”។

លោកបានបន្តទៀតថា “ក្នុងចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិមានប្រមាណ ២៥៣,២៥៦ នាក់កើនឡើង ៤៦.៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤,២៨៥ នាក់កើនឡើង ៧.៤៧ ភាគរយ។ ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុងភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប”។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំពោះមុខនៃការកើនឡើងចលនាទេសចរផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានសហការជាមួយវិស័យឯកជនរៀបចំនូវវិធានការ (ស្ដង់ដាពិសេស) សម្រាប់សុវត្ថិភាពទេសចរណ៍ ក្នុងនោះរួមមានក្រមប្រត្តិបត្តិ គោលការណ៍ណែនាំចាំបាច់មួយចំនួនបន្ថែមពីលើវិធានការសុវត្ថិភាព និងអនាម័យដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិបត្តិការតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែលនឹងបញ្ចប់ក្នុងសប្តាហ៍ក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here