ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន Prince Real Estate Group ដែលជាក្រុមហ៊ុនលំដាប់យក្សរបស់ចិន និងកំពុងវិនិយោគគំរោង Prince Manor Resort ក្នុងស្រុកកៀនស្វាយខេត្តកណ្តាលគ្រោងសាងសង់លំពង់ផែលំដាប់អន្តរជាតិ និងរៀបចំដំណើរការនាវាទេសចរណ៍នៅតាមដងទន្លេមេគង្គ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍នៅរាធានីភ្នំពេញ។
លោក Xu Zhixing នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate Group បានមានប្រសាសន៍ក្នុងជំនួបជាមួយលោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី៤ មិថុនានេះថា ក្រុមហ៊ុនគ្រោងរៀបចំពិធធីសម្ភោធគំរោង Prince Manor Resort នៅខែតុលា ឆ្នាំ២០២០ ខាងមុខនេះជាផ្លូវការ។
លោកបានបន្តថា នៅពេលសម្ពោធមជ្ឈមណ្ឌល Prince Manor Resort រួចរាល់ និងបន្ទាប់ពីទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជារួចនោះ ក្រុមហ៊ុននឹងចាប់អនុវត្តគម្រោងនាវាទេសចរណ៍នេះ នៅឆ្នាំ២០២០-២០២៣ ដោយចង់ឱ្យមានកំពង់ផែទេសចរណ៍ស្ដង់ដាមួយ នៅមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតតែម្ដង។
ចំពោះគម្រោងបង្កើតឱ្យមានកំពង់ផែទេសចរណ៍នេះទៀតសោត ត្រូវបានលោករដ្ឋមន្ត្រីថោង ខុនសម្ដែងការគាំទ្រពេញទំហឹង ហើយសន្យាថា នឹងខិតខំសហការជាមួយស្ថាប័នពាក់ពាន់ ដើម្បីសុំការសម្រេចពីរាជរដ្ឋាភិបាលគាំទ្រ ដល់ការចូលចតរបស់នាវាទេសចរណ៍។
លោកថោង ខុន បានបង្ហាញគោលបំណង ចង់ឱ្យមាននាវាទេសចរណ៍ធំៗនៅរាជធានីភ្នំពេញ ដើម្បីនៅពេលមានកិច្ចប្រជុំធំៗលក្ខណៈអន្តរជាតិនានា កម្ពុជានឹងបានអញ្ជើញថ្នាក់ដឹកនាំមកពីអន្តរជាតិ និងរសម្ដេចតេជោហ៊ុន សែន ឡើងជិះលើនាវាទេសចរណ៍ ពិសាភោជនាហារ ទស្សនាទេសភាពល្អឯកតាមដងទន្លេមេគង្គ។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យ Prince Real Estate Group សម្លឹងលើការវិនិយោគទេសចរណ៍នៅខេត្តសៀមរាប ខណៈដែលរាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ក្នុងនោះក៏មានគម្រោងផែនការ កសាងទីក្រុងសៀមរាបថ្មី គម្រោងទេសចរណ៍នៅខេត្តកំពង់ធំ ពិសេសជុំវិញតំបន់ប្រាសាទសំបូរព្រៃគុកផងដែរ។
លោកបន្តថា “សក្ដានុពលធំនៅទន្លេមេគង្គមានវិស័យកសិកម្ម និងវិស័យទេសចរណ៍ ប៉ុន្តែកម្ពុជាមិនទាន់បានទាញសក្ដានុពល ពីទន្លេមេគង្គបានច្រើននៅឡើយទេ ដូច្នេះហើយទើបក្រសួងទេសចរណ៍បាន ខិតខំជំរុញឱ្យមានការវិនិយោគកាន់តែច្រើន នៅតាមដងទន្លេនេះ” ៕