ដោយៈ ម៉ាណា
សៀមរាបៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ និង រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកឆាយ ឬទ្ឋីសែន បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវរទេះមួយខ្សែ ចូលទៅកាន់ប្រាសាទបន្ទាយធំ។
ការចុះពិនិត្យនេះធ្វើឡើងកាលពី រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ ការចុះពិនិត្យនេះ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង១៥០០ម៉ែត្រ ទទឹង៨ម៉ែត្រ ចាប់ផ្តើមពីចំណុចផ្លូវកូរ៉េវៀង (ចំនុចប្រណិត) តំបន់អង្គរ ចូលទៅកាន់ទីតាំងប្រាសាទ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅទស្សនាប្រាសាទបន្ទាយធំ។
ការចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីបច្ចេកទេសនៃក្រសួងទាំងពីរ ព្រមទាំងតំណាងគ្រឹះស្ថានអង្គរផងដែរ។
ប្រាសាទបន្ទាយធំ ជាប្រាសាទលាក់ខ្លួននៅក្នុងព្រៃ សាងសង់នៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលមានទីតាំងស្ថិតនៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងមានចម្ងាយប្រមាណ១៦គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ៕