ដោយៈ រ៉ាណេត
កំពតៈ រដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តកំពត កំពុងសិក្សារៀបចំគម្រោងបង្កើតផែនទីកំណត់តំបន់សួនកសិឧស្សាហកម្ម និងអេកូទេសចរណ៍ ដើម្បីងាយស្រួលក្នុងការបង្ហាញដល់បណ្តាវិនិយោគិន ក្នុងគោលបំណងបង្កើនភាពទាក់ទាញលើការវិនិយោគនៅក្នុងខេត្ត។
លោកឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកំពត-កែប បានមានប្រសាសន៍ថា នៅក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តកំពត នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ថា កន្លងមកនេះ មានវិនិយោគគិនជាច្រើន បានចាប់អារម្មណ៍ខេត្តកំពតជាខ្លាំង ដោយឡែកក្នុងខេត្តមួយនេះ នៅមិនទាន់មានផែនទីកំណត់សម្រាប់អនុវត្តជាក់លាក់នៅឡើយថា តំបន់ណាជាតំបន់កសិកម្ម តំបន់ណាជាតំបន់កសិឧស្សាហកម្ម ហើយតំបន់ណា ជាតំបន់អេកូទេសចរណ៍តំបន់ណា។
ដូចនេះ សភាពាណិជ្ជកម្មខេត្ត បានស្នើសុំធ្វើការនេះជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ដើម្បីងាយស្រួលនាពេលក្រោយ បង្ហាញដល់វិនិយោគគិន។
ជាមួយគ្នានេះ លោកឧកញ៉ា ហាក់ សុវណ្ណា ក៏បានជម្រាបជូនអំពីតួនាទីរបស់សភាពាណិជ្ជកម្មខេត្ត ទៅលើការជួយសម្របសម្រួល ជាមួយវិស័យសាធារណៈ និងវិស័យឯកជន សំដៅធ្វើយ៉ាងណាឱ្យវិស័យទាំង២នេះ មានសុខដុមនីយកម្មជាមួយគ្នា ជាពិសេស អាចកៀរគរវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក មកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តឱ្យបានកាន់តែច្រើន។
អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មខេត្តកំពត-កែប បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើន ពិសេសខេត្តកំពត ហើយពេលបច្ចុប្បន្ននេះ ក្រៅពីកំណើននៃចំនួនគម្រោងវិនិយោគលើគ្រប់វិស័យ កំណើនភ្ញៀវទេសចរក្នុងខេត្ត ក៏បានកើនឡើងជាបន្តបន្ទាប់នៅតាមតំបន់អេកូទេសចរណ៍ ដោយក្នុងនោះភ្ញៀវទេសចរប្រមាណ៥២ភាគរយ បានទៅលេងនៅតំបន់ទឹកឈូ។
លោកបានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងគម្រោងនៃការបង្កើតផែនទី សម្រាប់កំណត់តំបន់សួនកសិកឧស្សាហកម្ម តំបន់អេកូទេសចរណ៍ ក៏ដូចជាតំបន់កសិកម្មជាដើមនេះ តម្រូវមានការសិក្សាឱ្យបានលម្អិត ដើម្បីជៀសវាងមានផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមាន៕