ដោយ ហ្សូលី
ឌូបៃៈ ក្រុមហ៊ុនChina Railway 18th Bureau Group របស់ប្រទេសចិន បានចាប់ផ្តើមដំណើរការសាងសង់អគារខ្ពស់បំផុត នៅលើពិភពលោកដែលមានទីតាំង នៅទីក្រុងឌូបៃម៉ារីណា និងចាប់បើកដំណើរការនៅឆ្នាំ២០២៣។ សណ្ឋាគារនេះមានគោលបំណងដើម្បីក្លាយជាកន្លែងទាក់ទាញភ្ញៀវ ទេសចរគ្រប់ប្រទេសលើពិភពលោក ស្រដៀងនឹងអគារខ្ពស់ៗ ផ្សេងទៀតរបស់ឌូបៃ។
គម្រោងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន The First ដែលមានមូលដ្ឋាននៅឌូបៃ និងជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសកល រួមជាមួយផលប័ត្រសណ្ឋាគារលំដាប់ខ្ពស់ អចលនទ្រព្យលំនៅដ្ឋាន ម៉ាកផលិតផលភេសជ្ជៈនិងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិអចលនទ្រព្យ។
Ciel Tower គឺជាគម្រោងដ៏ធំ និងប្រណីតបំផុតរបស់ក្រុមហ៊ុនThe First។ អគារនេះនឹងលាតសន្ធឹងដល់កម្ពស់ ប្រមាណ៣៦៨,៦ម៉ែត្រ ហើយនឹងមាន១,១០០បន្ទប់ រួមជាមួយនឹងអាងហែលទឹកដែលមានប្រវែង៣២០ម៉ែត្រ។
ក្នុងនាមជាសណ្ឋាគារខ្ពស់ជាងគេបំផុត នៅលើពិភពលោកCiel Tower មានគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាទីក្រុង ដែលនេះជាការធ្វើតម្រាប់តាមនៃអគារខ្ពស់ៗផ្សេងទៀតនៅឌូបៃ ជាពិសេសដូចជាអគារ Burj Khalifa និង Burj Al Arab ។
ក្រុមហ៊ុនChina Railway 18th Bureau Group របស់ប្រទេសចិនគឺជាអង្គភាពមួយនៃសាជីវកម្មសំណង់ផ្លូវដែកចិន ហើយបានចូលរួមក្នុងការសាងសង់ផ្លូវល្បឿនលឿន ផ្លូវដែក គម្រោងវារីអគ្គិសនី អគារខ្ពស់ ៗ និងប្រព័ន្ធរថភ្លើងក្រោមដីនៅជុំវិញពិភពលោក។
លក្ខណៈពិសេសនៃសណ្ឋាគារ ដែលមិនសូវបានបញ្ចេញជាសាធារណៈនោះមានដូចជា អគារនេះត្រូវបានច្នៃម៉ូតដោយស្ថាបត្យករលំដាប់ខ្ពស់ ទទួលបានរង្វាន់ជាច្រើន និងជាស្ថាបត្យប្រចាំក្រុមហ៊ុនឌីសាញអគារ Norr លំដាប់ថ្នាក់អន្តរជាតិផងដែរ។
Ciel Tower មានធ្វើឡើងពីកញ្ចក់សុទ្ធសាធ ដែលអនុញ្ញាតឱ្យភ្ញៀវឃើញទេសភាព ៣៦០ដឺក្រេ។ មិនទាន់សាងសង់រួចរាល់ សណ្ឋាគារនេះ បានក្លាយទៅជាសណ្ឋាគារទទួលបានពានរង្វាន់ចំនួន ៣ដូចជា ស្ថាបត្យកម្មសណ្ឋាគារលំដាប់អន្តរជាតិល្អជាងគេ (Best International Hotel Architecture) ស្តាបត្យកម្មសណ្ឋាគារល្អជាងគេនៅអារ៉ាប់ (Best Hotel Architecture Arabia) និង ស្ថាបត្យកម្មខ្ពស់ជាគេនៅអារ៉ាប់ (Best Residential High-Rise Architecture Arabia)។ យ៉ាងណាមិញ ទុនវិនិយោគនៃសណ្ឋាគារមួយនេះមិនទាន់ត្រូវបានបញ្ចេញជាផ្លូវការនៅឡើយទេ៕