ដោយ វុត្ថា
ភ្នំពេញៈ វិនិយោគិនកម្ពុជា និងចិនបានសហការវិនិយោគរួមគ្នា ដោយសម្រេចបោះទុនប្រមាណ៨លានដុល្លារ ដើម្បីសាងសង់រោងចក្រកែច្នៃផ្លែឈើមួយ នៅខេត្តព្រះសីហនុ ខណៈដែលកម្ពុជានាបច្ចុប្បន្ននេះ បាននឹងកំពុងមានសក្តានុពលខ្ពស់លើវិស័យវិនិយោគលើវិស័យកសិកម្ម និងសេដ្ឋកិច្ច។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យបានឱ្យដឹងថា ក្រុមហ៊ុន Shang Da Jian Hui International Agriculture Product និងក្រុមហ៊ុន Logistic Co Ltd បាននឹងកំពុងស្ថិតក្នុងដំណើរការសាងសង់ រោងចក្រកែច្នៃផ្លែឈើសម្រាប់ស្វាយស្វាយចន្ទី ម្នាស់ និងចេក ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីន្លងមកនេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះមើលរោងចក្រនេះ ហើយបានសម្តែងការគាំទ្រ។ ជាមួយគ្នានេះ លោកអភិបាលខេត្តរូបនេះ បានសន្យាជួយសម្រួលនីតិវិធីទាំងអស់របស់រោងចក្រ ធ្វើយ៉ាងណាឲ្យដំណើរការបានលឿន ដែលអាចស្រូបយកផ្លែស្វាយ និងផ្លែឈើដទៃទៀតពីប្រជាជនសម្រាប់កែច្នៃ ដើម្បីរួមចំណែកដល់សេដ្ឋកិច្ច” ។
កម្ពុជា និងចិនកាលពេលថ្មីនេះ បានចុះកិច្ចព្រមព្រៀងជាផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ចំនួន ៥០០,០០០តោនក្នុងមួយឆ្នាំ សម្រាប់ការជំរុញការនាំចេញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ លោកវេង សាខុន បានឱ្យដឹងដែរថា តម្រូវការប្រចាំឆ្នាំរបស់ចិន ចំពោះផ្លែស្វាយស្រស់ប្រហែល៨លានតោន ដែលការផ្តល់នូវឱកាសជាច្រើន ដើម្បីទាញយកផលចំណេញពីទីផ្សារ។ លោកបន្តថា ផ្លែស្វាយស្រស់គឺជាផ្លែឈើទី ២ ដែលត្រូវបានអនុញ្ញាតជាផ្លូវការ សម្រាប់នាំចេញទៅប្រទេសចិនបន្ទាប់ពីផ្លែចេកលឿងត្រូវបានអនុម័តកាលពីឆ្នាំមុន។
លោករដ្ឋមន្ត្រីរូបនេះ ក៏បានលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក និងបរទេសមកពីប្រទេសចិនសហការគ្នាក្នុងការវិនិយោគ ដើម្បីពង្រីកតំបន់ដាំដុះ និងកែលម្អបច្ចេកទេសសម្រាប់ការក្រៀវដំណាំ និងកំចាត់សត្វល្អិតដើម្បីនាំចេញ។
កម្ពុជា និងកូរ៉េខាងត្បូងកាលពីកន្លមកនេះ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យកម្ពុជានាំចេញផ្លែស្វាយ ដោយផ្ទាល់តាមរយៈក្រុមហ៊ុន Hyundai Mao Legacy Co Ltd ៕