ដោយ ហ្សូលី
ភ្នំពេញៈ ក្រសួងសាធារណការប្រចាំប្រទេសថៃ បានប្រកាសអំពីគម្រោងស្ថាបនាផ្លូវល្បឿនលឿនចំនួន៨ខ្សែ សរុបប្រវែង៥០០០គីឡូម៉ែត្រ ទៅកាន់ព្រំប្រទល់ប្រទេសកម្ពុជារួមជាមួយប្រទេស២ផ្សេងទៀត។ ការស្ថាបនានេះនឹងដំណើរការរួមជាមួយនឹងផ្លូវដែក ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងបណ្តាញដឹកជញ្ជូនអន្តរជាតិនៅក្នុងប្រទេស។
គម្រោងស្ថាបនានេះ ត្រូវបានក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន រវាងនាយកដ្ឋានផ្លូវល្បឿនលឿន និងនាយកដ្ឋានផ្លូវដែករដ្ឋនៃប្រទេសថៃ ព្រមជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ទៅលើគម្រោងផ្លូវល្បឿនលឿនដ៏វែងនេះ។
ផ្លូវល្បឿនលឿនទាំងនេះ បែងចែកចេញទៅតាមចង្កោមទិសនិមួយៗ ដូចជា ជើង-ត្បូង និងកើត-លិច។ ដំណាក់កាលទី១រួមមាន ផ្លូវវែងជាងគេប្រវែងចំនួន១៦៦០ គីឡូម៉ែត្រស្ថិតនៅចន្លោះខេត្តឈាងរ៉ៃ ក្បែរព្រំប្រទល់មីយ៉ាន់ម៉ា និងស៊ុងខ្លាក្បែរម៉ាឡេស៊ី។ ដំណាក់កាលទី២និងទី៣ តភ្ជាប់ពីឡាវទៅកាន់ច្រករបៀងខាងកើត ជាមួយប្រវែង៤៩០គីឡូម៉ែត្រពីណងខៃទៅកំពង់ផែ ឡាំឆាប៉ាង និង៤៧០គីឡូម៉ែត្រតភ្ជាប់ពីប៉ុងខានទៅកាន់ខេត្តសុរិន្ទ។
ចង្កោមផ្លូវល្បឿនលឿននៅខាងកើត-លិច រួមមានចំនួន៥ដូចជា៖
-ផ្លូវមួយខ្សែចំនួន៣១០គីឡូម៉ែត្រ ចន្លោះខេត្តសាកែវព្រំប្រទល់ប្រទេសកម្ពុជា និងកាចាណាប៊ូរី ក្បែរព្រំប្រទល់មីយ៉ានម៉ា។
-ផ្លូវប្រវែង ២២០គីឡូម៉ែត្រ ដែលជាផ្លូវល្បឿនលឿន តំបន់សមុទ្រចន្លោះ កាឆាណាប៊ូរី ក្បែរមីយ៉ាន់ម៉ា និងត្រាត ព្រំប្រទល់កម្ពុជា។
-ផ្លូវ១៩០ គីឡូម៉ែត្រ ចន្លោះកោះកម្សាន្តរីសត ភូកេត និងស៊ូរ៉ាត់ថានី ក្បែរកោះកម្សាន្តរីសត សាម៉ុយ។
-ផ្លូវប្រវែង ៧១០គីឡូម៉ែត្រពី តាកក្បែរភាគខាងលិចមីយ៉ាន់ម៉ា និងណាខន ផានុម ក្បែរព្រំប្រទល់ឡាវ។
-ផ្លូវប្រវែង ៨៨០គីឡូម៉ែត្រ តភ្ជាប់ពីភាគខាងត្បូងតាកមកកាន់ អ៊ូបន រ៉ាត់ឆាថានី។
ផែនការអនុវត្តលម្អិតសម្រាប់បណ្តាញគម្រោងនេះ នឹងត្រូវបានរៀបចំឡើងនៅឆ្នាំក្រោយ រីឯការសាងសង់សម្រាប់ដំណាក់កាលដំបូង និងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២និងឆ្នាំ ២០២៣។
លោក Saksayam ChidChob រដ្ឋមន្ត្រីក្រសួងសាធារណការថៃបានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំ និងពិភាក្សានេះបានបញ្ចប់ រដ្ឋាភិបាលនឹងដាក់គម្រោងផ្លូវនេះ ទៅជាគម្រោងភាពជាដៃគូសាធារណៈនិងឯកជន (PPPs) ឬផ្តល់ថវិកាទៅលើគម្រោងនេះតាមរយៈមូលនិធិហេដ្ឋារចនាសម្ព័ន្ធដែលមានឈ្មោះថា មូលនិធិអនាគតរបស់ថៃ (Thailand Future Fund)។ លោកបន្តថា ដីដែលស្ថិតនៅតាមបណ្តោយផ្លូវទាំងនេះ ត្រូវបានទិញយក ដើម្បីជៀសវាងការមានបញ្ហាកើតឡើង នៅពេលដែលគម្រោងនេះត្រូវចាប់ផ្តើមស្ថាបនា៕
Global Construction