ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញផ្នែកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជាបានអះអាងថា ទោះជាស្ថិតនៅក្នុងស្ថានភាព ដែលកំពុងប្រឈមនឹងវិបត្តិសាកលក៏ដោយ ប៉ុន្តែកម្ពុជា អាចធ្វើឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ ដោយការធ្វើពិធីកម្មវិស័យសំខាន់ៗចំនួន៣ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេលនេះ។
អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជា ដែលរងនូវផលប៉ះពាល់ដោយសារវិបត្តិជំងឺ Covid-19 អាចនឹងប្រែក្លាយល្អប្រសើរឡើងវិញ ប្រសិនបើកម្ពុជា ធ្វើពិពិធកម្មនូវវិស័យសំខាន់ៗចំនួន៣ ឡើងវិញ រួមមាន វិស័យទេសចរណ៍ក្នុងស្រុក វិស័យកសិកម្ម និងជំរុញវិស័យសហគ្រាសធុនតូច និងធម្យម (SMEs) ។
លោកបានបញ្ជាក់ថា “សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបាន គឺទី១ យើងត្រូវស្តារទេសចរណ៍ក្នុងស្រុក ទី២ យើងត្រូវកែច្នៃកសិកម្មរបស់យើង ទៅជាកសិកម្មកម្រិតខ្ពស់ ដែលអាចធ្វើការកែច្នៃ និងនាំចេញទៅក្រៅប្រទេសបាន និងទី៣ កាត់បន្ថយថ្លៃដើមលើកការដឹកជញ្ជូន និងយកចិត្តទុកដាក់ ទៅលើឧស្សាហកម្មខ្នាតតូច (SMEs)” ។
លោកបញ្ជាក់ថា ចំនួនភ្ញៀវទេសចរក្នុងស្រុកជាង១១លាននាក់ គឺជាកូនសោរយ៉ាងសំខាន់ ប្រៀបបានទៅនឹងគន្លឹះមួយ ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ច។ ដោយឡែកចំពោះវិស័យកសិកម្មវិញ កម្ពុជាត្រូវតែប្តូរយុទ្ធសាស្ត្រផលិត នូវផលិតផលសិរីរាង្គ ដែលមានតម្រូវការទីផ្សារខ្ពស់ខុសពីប្រទេសនានា ហើយត្រូវរៀបចំចងក្រងជាសហគមន៍កសិកម្ម និងការពង្រឹងទីផ្សារកសិផល រួមជាមួយនឹងការកែច្នៃវេចខ្ចប់ដើម្បីជំរុញធ្វើការនាំចេញទៅក្រៅស្រុក។
ជាមួយគ្នានេះ ចំពោះវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលផ្តល់កម្លាំងពលកម្មប្រមាណជាង៧០ភាគរយ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មនៅកម្ពុជាកំពុងមានចំណុចខ្វះខាតច្រើន ដែលត្រូវមានការកែលម្អ និងដោះស្រាយ ទាំងបញ្ហាបច្ចេកទេស បច្ចេកវិទ្យា និងកម្លាំងជំនាញ ដើម្បីបង្កើនគុណភាព ផលិតភាពគ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែង ។
សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម ជាពិសេសពាក់ព័ន្ធទៅនឹងការបង្កើនផលិតភាពក្នុងផ្នែកកសិកម្ម បច្ចុប្បន្នមានក្រុមហ៊ុនជំនាញជប៉ុនជាច្រើន បាននិងកំពុងបង្ហាញពីគោលបំណងសហការជាដៃគូ ក្នុងការវិនិយោគចាប់ពីចំណុចដាំដុះ ការកែច្នៃ និងការវេចខ្ចប់កម្រិតស្តង់ដារ សម្រាប់ធ្វើការនាំចេញទៅផ្គត់ផ្គង់ នៅលើទីផ្សារក្រៅស្រុកផងដែរ។
ប្រធានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោកកៅ ថាច បានឱ្យដឹងថា នៅក្នុងគោលនយោបាយជួយជ្រោមជ្រែង និងទ្រទ្រង់លើកាធ្វើពិពិធកម្ម វិស័យកសិកម្មក្រោមជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា មកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីរបស់ក្រុមសហគ្រាសធុនតូច និងមធ្យម ដែលមានទំហំទឹកប្រាក់រហូតដល់ជាង៣០លានដុល្លារ ប៉ុន្តែធនាគារបានអនុម័តផ្តល់ប្រាក់កម្ចី ជូនអតិថិជនបានតែជិត១០លានដុល្លារប៉ុណ្ណោះ។
លោកបន្តថា “ធនាគារបានផ្តោតសំខាន់ ទៅលើវិស័យកសិកម្មអាទិភាព៤ចំនួនប្រភេទដូចជាការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមលើការកែច្នៃផលិតផលកសិកម្ម” ។
ដោយឡែកសំណើដែលនៅសល់ ក្រុមមន្ត្រីជំនាញរបស់ធនាគារកំពុងតែសិក្សាលម្អិតទៅលើតម្រូវការជាក់ស្ដែង ផលប៉ះពាល់ និងលទ្ធភាពក្នុងការប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាពល្អ៕