ដោយ វុត្ថា
ភ្នំពេញៈ ភណ្ឌាគារគយមានដែនកំណត់ គឺជាអាគារទីកន្លែង ឬទីលានដែលទទួលបានការអនុញ្ញាតឲ្យធ្វើសន្និធិទំនិញ ក្រោមការត្រួតពិនិត្យរបស់គយ សម្រាប់រយៈពេលជាក់លាក់មួយ និងដោយមានបញ្ជាក់ពីពេលវេលាច្បាស់លាស់។ ទំនិញនាំចូល និងទំនិញក្នុងស្រុកសម្រាប់នាំចេញ អាចត្រូវបានដាក់ក្នុងភណ្ឌាគារគយមានដែនកំណត់។
ទំនិញក្នុងភណ្ឌាគារគយមានដែនកំណត់ ត្រូវបានព្យួរពន្ធ និងអាករដែលត្រូវជាប់។ការហាមឃាត់ ឬការដាក់កម្រិតកំណត់នានាលើទំនិញទាំងនេះ អាចត្រូវបានលើកលែងរហូតដល់ពេល ដែលទំនិញត្រូវបានបញ្ចេញពីគយ សម្រាប់ការប្រើប្រាស់ក្នុងប្រទេស ឬ ដើម្បីនាំចេញ។
ភណ្ឌាគារគយមានដែនកំណត់មានបីប្រភេទ៖
ប្រភេទ កៈ ភណ្ឌាគារសាធារណៈ គឺជាភណ្ឌាគារគយមានដែនកំណត់ ដែលទទួលបានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអាចធ្វើប្រតិបត្តិការដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាល ឬ ដោយបុគ្គលណាមួយ។
ភណ្ឌាគារនេះ ត្រូវបានប្រើប្រាស់សម្រាប់ផ្តល់សេវាដល់បុគ្គលណាមួយ ដែលមានសិទ្ធិស្របច្បាប់លើទំនិញឲ្យធ្វើសន្និធិទំនិញ រាប់បញ្ជូលទាំងអ្នកនាំចូល បុគ្គលដែលទិញទំនិញក្នុងភណ្ឌាគារនេះ ឬបុគ្គលណាមួយផ្សេងទៀត ដែលមានសិទ្ធិស្របច្បាប់លើទំនិញទាំងនេះ។
ប្រភេទ ខៈ ភណ្ឌាគារឯកជន គឺជាភណ្ឌាគារគយមានដែនកំណត់ ដែលទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានគយនិងរដ្ឋាការកម្ពុជា ត្រូវបានប្រើប្រាស់ដោយឡែកដោយបុគ្គលណាម្នាក់សម្រាប់ធ្វើសន្និធិទំនិញ ដើម្បីប្រើប្រាស់ដោយឡែក រាប់បញ្ចូលទាំងប្រតិបត្តិករអាគារលក់ទំនិញរួចពន្ធ។
ប្រភេទ គៈ ភណ្ឌាគារពិសេស គឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាតពី អគ្គនាយកអគរ សម្រាប់រក្សាប្រភេទទំនិគគ្រោះថ្នាក់ ប៉ះពាល់ដល់គុណភាពទំនិញដទៃទៀត ឬអាចត្រូវការទីកន្លែងពិសេសសម្រាប់រក្សាទំនិញទាំងនោះ។ភណ្ឌាគារគយប្រភេទនេះអាចជាភណ្ឌាគារសាធារណៈ ឬឯកជន៕