ដោយ ៖ វុត្ថា
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអំពីការកំណត់ជ្រើសរើសថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាលពីពេលកន្លងទៅ គណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចកំណត់យកសប្តាហ៍ទី៣ នៃខែសីហា ឆ្នាំ២០២០ ក្រោមហេតុផលសំខាន់ៗចំនួន៤។
យោងតាមលទ្ធផលនៃកិច្ចប្រជុំដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ តំណាងវិស័យឯកជនបានស្នើសុំរាជរដ្ឋាភិបាលកំណត់យកថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រណីខ្មែរនៅថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ ២០២០ ដោយផ្អែកលើហេតុផល និងគោលបំណងសំណងសំខាន់ៗ មួយចំនួន ៤ ដូចតទៅ៖
ទី១) ផ្តល់ពេលវេលាគ្រប់គ្រាន់ដល់រោងចក្រសហគ្រាស ជាពិសេសវិស័យកាត់ដេរ និងស្បែកជើង ក្នុងការបញ្ចប់សង្វាក់ផលិតកម្ម និងការនាំចេញទំនិញតាមការបញ្ជាទិញដែលមានស្រាប់ ឱ្យបានមុនថ្ងៃ១២ ខែសីហា ឆ្នាំ ២០២០ ដែលជាកាលបរិច្ឆេទនៃការចូលជាធរមាននៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) របស់សហភាពអឺរ៉ុប។
ទី២) ជាកាលបរិច្ឆេទមួយដែលមានគម្លាតសមរម្យ (មួយខែ) ពីធីបុណ្យភ្ជុំបិណ្យដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ ដែលនឹងអនុញ្ញាតឱ្យប្រជាជនចូលរួមជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក តាមរយៈការចំណាយ២ដង ក្នុងអំឡុងពេលឈប់សម្រាកដាច់ពីគ្នា។
ទី៣) អាចអនុញ្ញាតឱ្យម្ចាស់សណ្ឋាគារ និងម្ចាស់ផ្ទះសំណាក់នៅតាមតំបន់ទេសចរណ៍សំខាន់ៗ មានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរដែលមកកម្សាន្តក្នុងអំឡុងពេលឈប់សម្រាក។
ទី៤) កម្មករ-និយោជិតទទួលបានប្រាក់បៀវត្សមុនពេលឈប់សម្រាក ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរកំសាន្ត និងចំណាយនានា៕